ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិល អាមេរិក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ចង់ផ្គាប់ចិត្តអ្នកនយោបាយម្នាក់ ដូចនេះ គាត់ក៏បានបង្គាប់ឲ្យកងទ័ពផ្លាស់ប្តូរទីតាំង ទៅកន្លែងផ្សេង។ ពេលដែលលោក អេដវីន ស្តាតុន(Edwin Stanton) ដែលជារដ្ឋមន្រ្តីការពារជាតិ បានទទួលបញ្ជានេះ គាត់ក៏បានបដិសេធមិនព្រមអនុវត្តតាម។ គាត់ថា លោកប្រធានាធិបតីជាមនុស្សភ្លីភ្លើ។ គេក៏បានជម្រាបលោកលីនខិន អំពីអ្វីដែលលោកស្តាតុនបាននិយាយ ហើយគាត់ក៏បានឆ្លើយតបថា “បើលោកស្តាតុនថា ខ្ញុំជាមនុស្សភ្លីភ្លើ នោះខ្ញុំប្រាកដជាភ្លីភ្លើមែនហើយ ព្រោះគាត់និយាយត្រូវស្ទើរតែគ្រប់ពេល។ ខ្ញុំយល់ហើយ”។ ខណៈពេលដែលអ្នកទាំងពីរពិភាក្សាគ្នា លោកប្រធានាធិបតីក៏បានដឹងថា ការសម្រេចចិត្តរបស់ខ្លួន គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ហើយគាត់ក៏បានដកបទបញ្ជានោះចេញវិញ ដោយគ្មានការស្ទាក់ស្ទើរ។ លោកស្តាតុន បានហៅលោកលីនខិនថា ជាជាមនុស្សភ្លីភ្លើមែន តែលោកលីនខិនក៏បានធ្វើនូវរឿងដ៏ឆ្លាតវ័យ ដោយមិនបានប្រកាន់យកចិត្តមានៈ ពេលដែលលោកស្តាតុនមិនយល់ស្របនឹងគំនិតគាត់។ ផ្ទុយទៅវិញ គាត់បានស្តាប់យោបល់របស់លោកស្តាតុន ហើយក៏បានផ្លាស់ប្តូរគំនិត។
តើអ្នកធ្លាប់ជួបនរណាម្នាក់ ដែលមិនព្រមស្តាប់យោបល់គេទេ?(មើល ១ពង្សាវតាក្សត្រ ១២:១-១១)។ រឿងនេះអាចធ្វើឲ្យយើងខឹង តើមែនទេ? ពុំនោះទេ តើអ្នកធ្លាប់បដិសេធមិនព្រមស្តាប់យោបល់របស់គេទេ? គឺដូចដែលបទគម្ពីរសុភាសិត ១២:១៥ បានចែងថា “មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ”។ មនុស្សមិនតែងតែត្រូវរហូតទេ។ មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា នរណាក៏ចេះធ្វើខុសដែរ ដូចនេះមានតែមនុស្សល្ងីល្ងើទេ ដែលគិតថា ខ្លួនមិនដែលធ្វើខុស។ ផ្ទុយទៅវិញ ចូរយើងប្រើប្រាជ្ញាមកពីព្រះ ហើយស្តាប់យោបល់ដ៏ឆ្លាតវ័យរបស់អ្នកដទៃ ទោះយើងមិនយល់ស្របពីដំបូងក៏ដោយ។ ជួនកាល នេះជារបៀបដែលព្រះទ្រង់ធ្វើការ ដើម្បីជាប្រយោជន៍យើង(ខ.២)។—Con Campbell