ខ្ញុំអាចបិទភ្នែក ហើយនឹកចាំអំពីផ្ទះ ដែលខ្ញុំធ្លាប់រស់នៅ និងចម្រើនវ័យធំឡើង។ ខ្ញុំនឹកចាំពេលដែលខ្ញុំមើលផ្កាយ ជាមួយឪពុករបស់ខ្ញុំ។ យើងបានដាក់វេនគ្នាឆ្លុះមើលផ្កាយ ដោយប្រើកែវយឺតតេឡេស្កូប ដោយព្យាយាមផ្តោតទៅលើផ្កាយ ដែលមើលពីចម្ងាយ មានរាងជាចំណុចភ្លឺៗ ព្រឹមៗ ព្រិចៗ។ ពន្លឺតូចៗ នៃផ្កាយដែលកើតចេញពីកម្តៅ និងភ្លើង បានលេចធ្លោ នៅលើផ្ទៃមេឃងងឹត ដូចទឹកខ្មៅ។
តើអ្នកគិតថា ខ្លួនអ្នកជាផ្កាយដែលបញ្ចេញពន្លឺឬទេ? ខ្ញុំមិននិយាយសំដៅទៅលើការឈានទៅដល់កំរិតកំពូលនៃជោគជ័យរបស់មនុស្សនោះទេ តែជាការលេចធ្លោ នៅពីមុខផ្ទៃខាងក្រោយដ៏ងងឹត ដែលមានពេញដោយភាពប្រេះបែក និងការអាក្រក់។ សាវ័កប៉ុលបានប្រាប់អ្នកជឿនៅទីក្រុងភីលីពថា ព្រះទ្រង់នឹងបញ្ចេញពន្លឺ នៅក្នុង និងតាមរយៈពួកគេ ពេលណាពួកគេនៅជាប់ នឹង “ព្រះបន្ទូលនៃជីវិត” ហើយជៀសវាង ការរអ៊ូរទាំ និងការឈ្លោះប្រកែកគ្នា(ភីលីព ២:១៤-១៦)។
ការរួបរួមរបស់យើង ជាមួយអ្នកជឿដទៃទៀត និងភាពស្មោះត្រង់ដែលយើងមានចំពោះព្រះ អាចញែកយើងចេញពីលោកិយ។ បញ្ហាស្ថិតនៅត្រង់ថា ការនេះមិនអាចប្រព្រឹត្តទៅដោយខ្លួនឯងនោះឡើយ។ យើងត្រូវព្យាយាមជម្នះការល្បួងជានិច្ច ដើម្បីឲ្យយើងអាចបន្តប្រកបស្និទ្ធស្នាលជាមួយព្រះ។ យើងតយុទ្ធនឹងភាពអាត្មានិយម ដើម្បីមានភាពសុខដុមជាមួយបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើង។
ប៉ុន្តែ យើងនៅតែមានសង្ឃឹម។ ព្រះវិញ្ញាណគង់នៅក្នុងអ្នកជឿម្នាក់ៗ ដោយប្រទានកម្លាំងយើង ឲ្យចេះដឹងខ្នាត មានចិត្តសប្បុរស និងស្មោះត្រង់(កាឡាទី ៥:២២-២៣)។ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅលើសពីលក្ខណៈធម្មជាតិរបស់យើង ដោយជំនួយដ៏អស្ចារ្យពីព្រះអង្គ(ភីលីព ២:១៣)។ បើអ្នកជឿម្នាក់ៗ ក្លាយជា “ផ្កាយដ៏ចែងចាំង” តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ សូមយើងស្រមៃមើលថា ពន្លឺរបស់ព្រះនឹងបានបណ្តេញភាពងងឹតដែលនៅជុំវិញយើង បានច្រើនប៉ុណ្ណា។—Jennifer Benson Schuldt