នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មានមនុស្សពីរនាក់ បានចូលរួម នៅក្នុងការស្រាវជ្រាវ អំពីឥទ្ធិពលរបស់ភាពងងឹត មកលើសតិអារម្មណ៍របស់មនុស្ស។ អ្នកស្ម័គ្រចិត្តបានចូលទៅក្នុងរូងភ្នំផ្សេងពីគ្នា ខណៈពេលដែលអ្នកស្រាវជ្រាវធ្វើការសង្កេតមើលទម្លាប់នៃការបរិភោគ និងការគេងរបស់ពួកគេ។ ក្នុងចំណោមពួកគេ មានម្នាក់ស្ថិតក្នុងភាពងងឹតអស់៨៨ថ្ងៃ ហើយម្នាក់ទៀត ១២៦ថ្ងៃ។ ពួកគេម្នាក់ៗក៏បានគិតស្មាន អំពីរយៈពេលដែលខ្លួនអាចស្ថិតក្នុងភាពងងឹត ហើយបានស្មានខុសចំនួនជាច្រើនខែ។ មានម្នាក់គិតថា គាត់គ្រាន់តែគេងថ្ងៃមួយស្របក់ តែក្រោយមក គាត់ក៏បានដឹងថា តាមពិតគាត់បានគេងអស់៣០ម៉ោង។ ដូចនេះ ភាពងងឹតបានធ្វើឲ្យគាត់វង្វេងស្មារតី។
នៅគ្រាសញ្ញាចាស់ រាស្រ្តរបស់ព្រះបានស្ថិតក្នុងភាពងងឹត នៃការនិរទេសដែលជិតមកដល់។ ពួកគេក៏បានរង់ចំា ដោយមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទេ។ ហោរាអេសាយក៏បាននិយាយ អំពីភាពងងឹត ដើម្បីប្រៀបប្រដូច អំពីការវង្វេងស្មារតីរបស់ពួក និងដើម្បីនិយាយ អំពីការជំនុំជម្រះរបស់ព្រះ(អេសាយ ៨:២២)។ កាលពីមុន សាសន៍អេស៊ីព្ទក៏ធ្លាប់ស្ថិតក្នុងភាពងងឹត ដែលស្ថិតក្នុងចំណោមគ្រោះកាចទាំង១០(និក្ខមនំ ១០:២១-២៩)។ តែនៅសម័យហោរាអេសាយ ពួកអ៊ីស្រាអែលក៏បានស្គាល់ភាពងងឹតផងដែរ។
ប៉ុន្តែ ពន្លឺក៏បានមកដល់។ គឺដូចមានសេចក្តីចែងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ ការសង្កត់សង្កិន និងការវង្វេងនឹងបញ្ចប់។ គាត់ក៏បានថ្លែងទំនាយថា ព្រះរាជបុត្រានៃព្រះក៏បានយាងមកប្រសូតជាមនុស្ស ដើម្បីកែប្រែអ្វីៗទាំងអស់ ហើយប្រទានយុគសម័យថ្មីមួយ គឺយុគសម័យនៃការអត់ទោស និងសេរីភាព(ខ.៦)។
ព្រះយេស៊ូវក៏បានយាងមកមែន។ ហើយទោះភាពងងឹតនៃពិភពលោកនេះ អាចនាំឲ្យមនុស្សវង្វេងមែន ចូរយើងពិសោធន៍នឹងការកម្សាន្តចិត្ត ដែលបានមកពីការអត់ទោសបាប សេរីភាព និងពន្លឺក្នុងព្រះគ្រីស្ទ។—Glenn Packiam