នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​មនុស្ស​ពីរ​នាក់ បាន​ចូល​រួម នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ អំពី​ឥទ្ធិ​ពល​របស់​ភាព​ងងឹត មក​លើ​សតិ​អារម្មណ៍​របស់​មនុស្ស។ អ្នក​ស្ម័គ្រ​ចិត្ត​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ផ្សេង​ពី​គ្នា ខណៈ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​ការ​សង្កេតមើល​ទម្លាប់​នៃ​ការ​បរិភោគ និង​ការ​គេង​របស់​ពួក​គេ។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ស្ថិត​ក្នុង​ភាព​ងងឹត​អស់​៨៨​ថ្ងៃ ហើយ​ម្នាក់ទៀត ១២៦​ថ្ងៃ។ ពួក​គេ​ម្នាក់​ៗ​ក៏​បាន​គិត​ស្មាន អំពី​រយៈ​ពេល​ដែល​ខ្លួន​អាច​ស្ថិត​ក្នុង​ភាព​ងងឹត ហើយ​បាន​ស្មាន​ខុស​ចំនួន​ជា​ច្រើន​ខែ។ មាន​ម្នាក់​គិត​ថា គាត់​គ្រាន់​តែ​គេង​ថ្ងៃ​មួយ​ស្របក់ តែ​ក្រោយ​មក គាត់​ក៏​បាន​ដឹង​ថា តាម​ពិត​គាត់​បាន​គេង​អស់​៣០ម៉ោង​។ ដូច​នេះ ភាព​ងងឹត​បាន​ធ្វើ​ឲ្យ​គាត់​វង្វេង​ស្មារតី។

នៅ​គ្រា​សញ្ញា​ចាស់ រាស្រ្ត​របស់​ព្រះ​បាន​ស្ថិត​ក្នុង​ភាព​ងងឹត នៃ​ការ​និរទេស​ដែល​ជិត​មក​ដល់។ ពួក​គេ​ក៏​បាន​រង់​ចំា ដោយ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ។ ហោរា​អេសាយ​ក៏​បាន​និយាយ អំពី​ភាព​ងងឹត ដើម្បី​ប្រៀប​ប្រដូច អំពី​ការ​វង្វេង​ស្មារតី​របស់​ពួក និង​ដើម្បី​និយាយ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​(អេសាយ ៨:២២)។ កាល​ពី​មុន សាសន៍​អេស៊ីព្ទ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ភាព​ងងឹត ដែល​ស្ថិត​ក្នុង​ចំណោម​គ្រោះ​កាច​ទាំង​១០​(និក្ខមនំ ១០:២១-២៩)។ តែ​នៅ​សម័យ​ហោរា​អេសាយ ពួក​អ៊ីស្រាអែល​ក៏​បាន​ស្គាល់​ភាព​ងងឹត​ផង​ដែរ។

ប៉ុន្តែ ពន្លឺ​ក៏​បាន​មកដល់។ ​គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ ការ​សង្កត់​សង្កិន និង​ការ​វង្វេង​នឹង​បញ្ចប់។ គាត់​ក៏​បាន​ថ្លែង​ទំនាយ​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ក៏​បាន​យាង​មក​ប្រសូត​ជា​មនុស្ស ដើម្បី​កែ​ប្រែ​អ្វី​ៗ​ទាំង​អស់ ហើយ​ប្រទាន​យុគ​សម័យ​ថ្មី​មួយ គឺ​យុគ​សម័យ​នៃ​ការ​អត់​ទោស និង​សេរីភាព​(ខ.៦)។

ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​មែន។ ហើយ​ទោះ​ភាព​ងងឹត​នៃ​ពិភព​លោក​នេះ​ អាច​នាំ​ឲ្យ​មនុស្ស​វង្វេង​មែន ចូរ​យើង​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត ដែល​បាន​មក​ពី​ការ​អត់​ទោស​បាប សេរីភាព និង​ពន្លឺ​ក្នុង​ព្រះ​គ្រីស្ទ។​—Glenn Packiam