នាង​បាន​ដាក់​នំពង​ទា​តូច​ៗ​មួយ​កញ្ចប់​នៅ​ពី​លើ​តុ​គិត​លុយ ហើយ​បន្ទាប់​មក នាង​ក៏​បាន​ដាក់​កាត​ថ្ងៃ​ខួប​កំណើត និង​ចំណិត​ដំឡូង​បំពង​ប៉ុន្មាន​កញ្ចប់ នៅ​លើ​តុ​នោះ​ទៀត។​ នាង​កំពុង​តែ​ឈឺ​ក្បាល​ស្រាប់​ផង កូន​នាង​ដែល​ចេះ​ដើរ​តេស​តាស់ ក៏​បានស្រែក​រក​ការ​ចាប់​អារម្មណ៍​ពី​នាង។ ពេល​អ្នក​គិត​លុយ​ប្រាប់​នាង អំពី​ថ្លៃ​ទំនិញ​សរុប ស្រ្តី​ជា​ម្តាយ​រូប​នេះ​ក៏​បាន​ឈ្ងោក​មុខ។ គាត់​ដក​ដង្ហើម​ធំ ហើយ​មើល​ទៅ​កូន​គាត់ ដោយ​ការ​សោក​ស្តាយ រួច​និយាយ​ថា “អូហ៍ ខ្ញុំ​ត្រូវ​ដក​របស់​ខ្លះ​ចេញ តែ​របស់​ទាំងអស់​នេះ​សម្រាប់​ពិធី​ខួប​កំណើត​របស់​នាង​ទេ”។

អតិថិជន​ម្នាក់​ទៀត ដែល​កំពុង​ឈរ​ពី​ក្រោយ ​ក៏​បាន​ដឹង អំពី​ការ​ឈឺ​ចាប់​របស់​ស្រ្តី​ជា​ម្តាយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល ដែល​ព្រះ​យេស៊ូវ​មាន ទៅ​កាន់​នាង​ម៉ារា នៅ​ស្រុក​បេថានី។ បន្ទាប់​ពី​នាង​បាន​ចាក់​ទឹក​អប់​ដ៏​មាន​តម្លៃ​ថ្វាយ​ព្រះ​អង្គ មុន​ពេល​ព្រះ​អង្គ​សុគត និង​បញ្ចុះ​ព្រះ​សព ពួក​សិស្ស​ក៏​បាន​ចំអក​ឲ្យ​នាង។ ព្រះ​អង្គ​ក៏​បាន​កែ​តម្រង់​ពួក​គេ ដោយ​ពោល​សរសើរ ​នាង​ថា “នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន”(ម៉ាកុស ១៤:៨)។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា “នាង​បាន​ធ្វើអ្វី​ៗ​គ្រប់​យ៉ាង ដែល​នាង​អាច​ធ្វើ​បាន​នោះ​ទេ” តែ​ព្រះ​អង្គ​មាន​បន្ទូល​ថា “នាង​បាន​ធ្វើ​ការ​អ្វី ដែល​នាង​ធ្វើ​បាន”។ ព្រះ​អង្គ​មិន​មាន​បន្ទូល​សំដៅ​ទៅ​តម្លៃ​ដ៏​សែន​ថ្លៃ​របស់​ទឹក​អប់​ទេ តែ​ដែល​សំខាន់​នោះ គឺ​នាង​បាន​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់ ចំពោះ​ព្រះ​អង្គ។

នៅ​ពេល​នោះ មុន​ពេល​ស្រ្តី​ជា​ម្តាយ​ដក​ទំនិញ​ខ្លះ​ចេញ អតិថិជន​ដែល​ឈរ​ពី​ក្រោយ​នាង​ក៏​បាន​ឱន​ទៅ​មុខ ហើយ​ក៏​បាន​យក​កាត​ក្រេឌីត​របស់​គាត់​ដាក់​ចូល​ម៉ាស៊ីន​ស្គែន ហើយ​ក៏​បាន​ចេញ​ថ្លៃ​ទំនិញ​ជំនួស​នាង។ ថ្លៃ​ដែល​គេ​ចេញ​ឲ្យ​នោះ មិន​ច្រើន​ណាស់​ណា​ទេ តែ​នាង​ក៏​បាន​សល់​ប្រាក់​សម្រាប់​ចាយ​ក្នុង​ខែ​នោះ។ ប៉ុន្តែ សម្រាប់​ស្រ្តី​ជា​ម្តាយ​នេះ ទង្វើ​ដ៏​សប្បុរស​មួយ​នេះ មាន​ន័យ​ចំពោះ​នាង​ណាស់។ នេះ​ជា​ទង្វើ​នៃ​ក្តី​ស្រឡាញ់​ពិត ដែល​បាន​ជួយ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់។—Elisa Morgan