ខ្ញុំតែងតែឃើញនាង ទៅទទួលស្វាគមន៍ថ្ងៃរះ ជារៀងរាល់ពេលព្រឹក។ នាងជាអ្នកហាត់ប្រាណដោយការដើរលឿន ក្នុងតំបន់ដែលខ្ញុំរស់នៅ។ ពេលខ្ញុំបើកឡានជូនកូនទៅរៀន ខ្ញុំតែងតែឃើញនាង ដើរនៅលើចិញ្ចើមផ្លូវ។ នាងបានមានកាស់ធំខុសធម្មតាពាក់នៅលើត្រចៀក និងពាក់ស្រោមជើងវែងដល់ក្បាលជង្គង់។ នាងដើរទៅមុខ ដោយចលនាដៃ និងជើងឆ្លាស់គ្នាយ៉ាងលឿន។ កីឡាប្រភេទនេះ មានភាពខុសប្លែកពីការរត់ហាត់ប្រាណត្រឹកៗ។ ការដើរលឿនគឺរាប់បញ្ចូលការទប់ចិត្ត និងរាងកាយដែលតាមធម្មតា យើងចង់តែរត់ ពេលដែលយើងដើរលឿនដូចនេះ។ ទោះវាមិនដូចការរត់ តែវាមានថាពល ការផ្តោតចិត្ត និងកម្លាំង ដូចការរត់ត្រឹកៗផងដែរ។ ប៉ុន្តែ គេមានការគ្រប់គ្រងវាបានល្អ។
អំណាចដែលស្ថិតក្រោមការគ្រប់គ្រង គឺជាគន្លឹះដ៏សំខាន់។ ការបន្ទាបខ្លួនតាមការបង្រៀនក្នុងព្រះគម្ពីរ គឺមិនខុសពីការដើរលឿននោះឡើយ គឺមនុស្សច្រើនតែគិតថា ការបន្ទាបខ្លួន ជាភាពកម្សោយ។ តាមពិត គឺមិនដូច្នោះទេ។ ការបន្ទាបខ្លួន គឺមិនមែនជាការបន្ថយកម្លាំង ឬសមត្ថភាពរបស់យើងទេ តែផ្ទុយទៅវិញ យើងគ្រប់គ្រងកម្លាំង ឬលទ្ធភាពរបស់យើង គឺដូចដែលដៃ និងជើងយើង ស្ថិតនៅក្រោមការបញ្ជារបស់គំនិត ពេលដែលគេហាត់ប្រាណ ដោយការដើរលឿនយ៉ាងដូច្នោះដែរ។
ពាក្យ “ដើរដោយសុភាពរាបទាប” ក្នុងបទគម្ពីរមីកា គឺបានត្រាស់ហៅយើង ឲ្យគ្រប់គ្រងចំណង់របស់យើង ដែលចេះតែចង់ធ្វើអ្វីលឿន ជាងការដឹកនាំរបស់ព្រះ។ យើងត្រូវ “ប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស” (៦:៨) ហើយការនេះអាចនាំឲ្យយើងមានចិត្តចង់ធ្វើអ្វីម្យ៉ាង ឲ្យបានឆាប់រហ័ស។ នេះជារឿងធម្មតា ព្រោះយើងមានអារម្មណ៍ថា ពិភពលោកមានរឿងអយុត្តិធម៌ច្រើនពេក។ ប៉ុន្តែ យើងត្រូវស្ថិតក្រោមការគ្រប់គ្រង និងការដឹកនាំរបស់ព្រះ។ គោលដៅរបស់យើង គឺដើម្បីឲ្យបំណងព្រះទ័យព្រះអង្គ បានសម្រេច ក្នុងការមកដល់នៃនគរព្រះអង្គ នៅលើផែនដីនេះ។—John Blasé