ពេលខ្ញុំយកឡានទៅលាង នៅកន្លែងលាងឡានស្វ័យប្រវត្តិ មានបុរសម្នាក់កំពុងបើកឡានចូលកន្លែងលាង មុនខ្ញុំ។ គាត់ក៏បានចុះដើរទៅខាងក្រោយឡានគាត់ ដើម្បីដោះទំពក់សណ្តោងចេញពីឡានភីកអាប់របស់គាត់ ដើម្បីកុំឲ្យវាទាក់នឹងច្រាសស្វ័យប្រវត្តិ ដែលគេបង្វឹលដុះលាងរថយន្ត។ គាត់ក៏បានបង់ថ្លៃលាងឡាន ហើយក៏បានបើកឡានចូលទៅក្នុងផ្លូវបើកស្វ័យប្រវត្តិ។ បុគ្គលិកលាងឡានក៏បានស្រែកប្រាប់គាត់ ឲ្យកាច់ចង្កឹះលេខឡាន ដាក់លេខ N ។ ប៉ុន្តែ គាត់បានបិទកញ្ចក់ឡាន មិនបានស្តាប់ឮ។ គាត់ក៏បានបើកឡានកាត់តាមបន្ទប់លាងឡានស្វ័យប្រវត្តិ បានតែ៤វិនាទីប៉ុណ្ណោះ។ ដូចនេះ ឡានគាត់ស្ទើរតែមិនប៉ះទឹកសោះ។
លោកអេលីយ៉ាមានបេសកកម្មមួយ ដែលត្រូវធ្វើ។ គាត់កំពុងតែរវល់បម្រើព្រះ ដោយសម្រេចកិច្ចការធំៗមួយចំនួន។ គាត់ទើបតែបានឈ្នះហោរារបស់ព្រះបាល ក្នុងការប្រកួតការអស្ចារ្យ ហើយគាត់ក៏បានអស់កម្លាំង(មើល ១ពង្សាវតាក្សត្រ ១៨:១៦-៣៩)។ គាត់ត្រូវការពេលសម្រាក។ ព្រះទ្រង់ក៏បាននាំគាត់ ទៅភ្នំហូរែប ជាកន្លែងដែលទ្រង់ធ្លាប់បង្ហាញព្រះអង្គទ្រង់ឲ្យគាត់ឃើញកាលពីយូរមកហើយ។ ពេលនោះ ព្រះអង្គមិនបានធ្វើឲ្យមានខ្យល់ព្យុះកំបុតត្បូង រញ្ជួយដី ឬមានភ្លើងឆាបឆេះនោះទេ ផ្ទុយទៅវិញ ព្រះអង្គបានមានបន្ទូលមកគាត់ ដោយសម្លេងតូចរហៀង យ៉ាងស្រទន់។ “អេលីយ៉ាបានឮហើយ នោះលោកក៏យកក្រមាគ្រលុំមុខ ចេញមកឈរនៅមាត់រអាង”(១ពង្សាវតាក្សត្រ ១៩:១៣)។
ខ្ញុំ និងអ្នកក៏មានបេសកកម្ម ដែលត្រូវធ្វើផងដែរ។ យើងត្រូវដាក់ជីវិតយើង នៅលើផ្លូវរបស់ព្រះ ដើម្បីសម្រេចការដ៏ធំ ថ្វាយព្រះអង្គសង្រ្គោះរបស់យើង។ ប៉ុន្តែ បើយើងមិនដែលឈប់បង្អង់ ដើម្បីសម្រាកទេ នោះជីវិតយើងអាចទៅលឿនជ្រុល ដោយមិនបានស្តាប់ព្រះសូរ្យសៀងព្រះ។ គឺដូចដែលព្រះអង្គមានបន្ទូលខ្សឹបមកយើងថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”(ទំនុកដំកើង ៤៦:១០)។—Mike Wittmer