អ្នកស្រីហេឡិន រ៉ូស៊ីវា(Helen Roseveare) ជាគ្រូពេទ្យជនជាតិអង់គ្លេស ដែលបម្រើការជាបេសកជន ក្នុងប្រទេសខុងហ្គោ ទ្វីបអាហ្រ្វិក។ គាត់ត្រូវពួកឧទាមចាប់ជាចំណាប់ខ្មាំង ក្នុងអំឡុងសម័យសង្រ្គាមបះបោរស៊ីមបា ក្នុងឆ្នាំ១៩៦៤។ គាត់បានទទួលរងទុក្ខវេទនាជាពន់ពេក ដោយត្រូវគេវាយដំ និងរំលោភបំពាន។ នៅថ្ងៃបន្ទាប់ គាត់ក៏បានសួរខ្លួនឯងថា តើគាត់សក្តិសមនឹងទទួលការឈឺចាប់ទាំងអស់នេះទេ?
ខណៈពេលដែលដែលគាត់ចាប់ផ្តើមពិចារណា អំពីការលះបង់ ដើម្បីដើរតាមព្រះយេស៊ូវ គាត់ក៏បានដឹងថា ព្រះកំពុងមានបន្ទូលមកកាន់គាត់ អំពីរឿងនេះ។ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានពន្យល់អ្នកសម្ភាសម្នាក់ថា “ពេលដែលទុក្ខវេទនាបានមកដល់ ក្នុងអំឡុងពេលនៃសង្គ្រាមបះបោរ ហើយការលះបង់ហាក់ដូចជាខ្ពស់ពេក សម្រាប់ខ្ញុំ ព្រះអម្ចាស់ហាក់ដូចជាមានបន្ទូលមកកាន់ខ្ញុំថា ចូរផ្លាស់ប្តូរសំណួរ។ មិនត្រូវសួរថា តើខ្ញុំសមនឹងទទួលការឈឺចាប់នេះទេ តែត្រូវសួរថា តើព្រះអង្គសក្តិសមនឹងទទួលសិរីល្អឬទេ?” ហើយគាត់ក៏បានសន្និដ្ឋានថា ទោះគាត់ជួបការឈឺចាប់យ៉ាងណាក៏ដោយ គាត់ក៏បានឆ្លើយថា ព្រះអង្គពិតជាសក្តិសម។
តាមរយៈព្រះគុណព្រះ ដែលបានធ្វើការ ក្នុងជីវិតនាង ក្នុងអំឡុងពេលដ៏វេទនានោះ គាត់ក៏បានទទួលស្គាល់ថា ព្រះអង្គសង្រ្គោះ ដែលបានរងទុក្ខវេទនា រហូតដល់សុគត ដើម្បីសង្រ្គោះនាងឲ្យរួចពីបាប ព្រះអង្គសក្តិសមនឹងឲ្យគាត់ដើរតាម ទោះគាត់បានជួបប្រទះបញ្ហាអ្វីក៏ដោយ។ ពាក្យ “ព្រះអង្គសក្តិសម” បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសម្លេងដែលបានបន្លឺឡើង ជុំវិញបល្ល័ង្ករបស់ព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរវិវរណៈ។ គឺដូចមានសេចក្តីចែងថា “គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ”(៥:១២)។
ព្រះអង្គសង្រ្គោះនៃយើងបានរងទុក្ខវេទនា និងហូរព្រះលោហិត ហើយសុគតជំនួសយើង ដោយថ្វាយអង្គទ្រង់ទាំងស្រុង ដើម្បីឲ្យយើងអាចទទួលជីវិតអស់កល្ប និងក្តីសង្ឃឹម ដោយឥតគិតថ្លៃ។ ព្រះអង្គសក្តិសមនឹងទទួលអ្វីៗគ្រប់យ៉ាងពីយើង។ ព្រះអង្គសក្តិសម!—James Banks