អ្នកស្រី​ហេឡិន រ៉ូស៊ីវា(Helen Roseveare) ជា​គ្រូ​ពេទ្យ​ជន​ជាតិ​អង់គ្លេស ដែល​បម្រើ​ការ​ជា​បេសកជន ក្នុង​ប្រទេស​ខុងហ្គោ ទ្វីប​អាហ្រ្វិក។ គាត់​ត្រូវ​ពួក​ឧទាម​ចាប់​ជា​ចំណាប់​ខ្មាំង ក្នុង​អំឡុង​សម័យ​សង្រ្គាម​បះបោរ​ស៊ីម​បា ក្នុង​ឆ្នាំ​១៩៦៤។ គាត់​បាន​ទទួល​រង​ទុក្ខ​វេទនា​ជា​ពន់​ពេក ដោយ​ត្រូវ​គេ​វាយ​ដំ និង​រំលោភ​បំពាន។ នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​គាត់​សក្តិ​សមនឹង​ទទួល​ការ​ឈឺ​ចាប់​ទាំង​អស់​នេះ​ទេ?

ខណៈ​ពេល​ដែល​ដែល​គាត់​ចាប់​ផ្តើម​ពិចារណា អំពី​ការ​លះ​បង់ ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ គាត់​ក៏​បាន​ដឹង​ថា ព្រះ​កំពុង​មាន​បន្ទូល​មក​កាន់​គាត់ អំពី​រឿង​នេះ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ពន្យល់​អ្នក​សម្ភាស​ម្នាក់​ថា “ពេល​ដែល​ទុក្ខ​វេទ​នា​បាន​មកដល់ ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​បះបោរ ហើយ​ការ​លះ​បង់​ហាក់​ដូច​ជា​ខ្ពស់​ពេក សម្រាប់​ខ្ញុំ ព្រះ​អម្ចាស់​ហាក់​ដូច​ជា​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ថា​ ចូរ​ផ្លាស់​ប្តូរ​សំណួរ។ មិន​ត្រូវ​សួរ​ថា តើ​ខ្ញុំ​សម​នឹង​ទទួល​ការ​ឈឺ​ចាប់​នេះ​ទេ តែ​ត្រូវ​សួរ​ថា តើ​ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួល​សិរីល្អ​ឬ​ទេ?” ហើយ​គាត់​ក៏​បាន​សន្និដ្ឋាន​ថា ទោះ​គាត់​ជួប​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​បាន​ឆ្លើយ​ថា ព្រះ​អង្គ​ពិត​ជា​សក្តិ​សម។​

តាម​រយៈ​ព្រះ​គុណ​ព្រះ ដែល​បាន​ធ្វើ​ការ ក្នុង​ជីវិត​នាង ក្នុង​អំឡុង​ពេល​ដ៏​វេទនា​នោះ គាត់​ក៏​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​សង្រ្គោះ ដែល​បាន​រង​ទុក្ខ​វេទនា រហូត​ដល់​សុគត ដើម្បី​សង្រ្គោះ​នាង​ឲ្យ​រួច​ពី​បាប ព្រះ​អង្គ​សក្តិ​សម​នឹង​ឲ្យ​គាត់​ដើរ​តាម ទោះ​គាត់​បាន​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ។ ពាក្យ “ព្រះ​អង្គ​សក្តិ​សម” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​សម្លេង​ដែល​បាន​បន្លឺ​ឡើង ជុំវិញ​បល្ល័ង្ក​របស់​ព្រះ​យេស៊ូវ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា កូន​ចៀម​ដែល​គេ​បាន​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និង​ព្រះពរ”(៥:១២)។

ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​បាន​រង​ទុក្ខ​វេទនា និង​ហូរ​ព្រះ​លោហិត ហើយ​សុគត​ជំនួស​យើង ដោយ​ថ្វាយ​អង្គ​ទ្រង់​ទាំង​ស្រុង ដើម្បីឲ្យ​យើង​អាច​ទទួល​ជីវិត​អស់​កល្ប និង​ក្តី​សង្ឃឹម ដោយ​ឥត​គិត​ថ្លៃ។​ ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួល​អ្វី​ៗ​គ្រប់​យ៉ាង​ពី​យើង។ ព្រះ​អង្គ​សក្តិ​សម!—James Banks