សម្រាប់លោកគ្រីស្តូហ្វ័រ(Christopher) ដែលជាអតីតយុទ្ធជនពិការ សកម្មភាពប្រចាំថ្ងៃកាន់តែមានការពិបាក និងចំណាយពេលកាន់តែយូរ ហើយធ្វើឲ្យគាត់មានការឈឺចាប់កាន់តែខ្លាំង។ ប៉ុន្តែ គាត់នៅតែប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបម្រើភរិយា និងកូនរបស់គាត់។ អ្នកធ្វើដំណើរកាត់មុខផ្ទះគាត់ តែងតែឃើញគាត់រុញម៉ាស៊ីនកាត់ស្មៅ ក្នុងទីធ្លាមុខផ្ទះគាត់ រៀងរាល់សប្តាហ៍។
ថ្ងៃមួយ លោកគ្រីស្តូហ្វឺបានទទួលសំបុត្រមួយច្បាប់ និងម៉ាស៊ីនកាត់ស្មៅដែលមានតម្លៃថ្លៃមួយគ្រឿង ពីម្ចាស់ជំនួយដែលមិនបានបញ្ចេញឈ្មោះ។ ម្ចាស់ជំនួយនេះមានការពេញចិត្តនៅក្នុងការឲ្យ ដោយសារនេះជាឯកសិទ្ធិ នៅក្នុងការជួយអ្នកដែលខ្វះខាត។
ព្រះយេស៊ូវមិនបានមានបន្ទូលថា យើងត្រូវតែធ្វើទានដល់អ្នកដទៃ ដោយអាថ៌កំបាំងគ្រប់ពេលនោះទេ តែព្រះអង្គសព្វព្រះទ័យឲ្យយើងពិនិត្យមើលគោលបំណង ដែលយើងធ្វើទានដល់គេ(ម៉ាថាយ ៦:១)។ ព្រះអង្គក៏មានបន្ទូលផងដែរថា “កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ”(ខ.២)។ ពេលដែលព្រះទ្រង់រំពឹងឲ្យយើង ធ្វើជាអ្នកឲ្យ ដែលចិត្តស្មោះ ព្រះអង្គក៏បានលើកទឹកចិត្តយើង ឲ្យជៀសវាងការធ្វើការល្អ នៅចំពោះមុខគេ ដើម្បីទទួលការសរសើរ ឬទទួលស្គាល់ពីអ្នកដទៃ(ខ.៣)។
ពេលដែលយើងដឹងថា អ្វីៗដែលយើងមានសុទ្ធតែមកពីព្រះ នោះយើងអាចធ្វើជាអ្នកឲ្យដោយសម្ងាត់ ដោយមិនសរសើរខ្លួនឯង ឬស្វែងរកការសរសើរពីអ្នកដទៃ។ ព្រះដែលជ្រាបគ្រប់អ្វីៗទាំងអស់ ជាព្រះដែលប្រទានការល្អគ្រប់យ៉ាង។ ព្រះអង្គសព្វព្រះទ័យនឹងប្រទានអ្វីៗ មករាស្ត្រព្រះអង្គ ដោយព្រះទ័យសប្បុរស។—Xochitl Dixon