សម្រាប់​លោក​គ្រីស្តូហ្វ័រ(Christopher)​ ដែល​ជា​អតីត​យុទ្ធ​ជន​ពិការ សកម្មភាព​ប្រចាំ​ថ្ងៃ​កាន់​តែ​មាន​ការ​ពិបាក និង​ចំណាយពេល​កាន់​តែ​យូរ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ ប៉ុន្តែ គាត់​នៅ​តែ​ប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព ដើម្បី​បម្រើ​ភរិយា និង​កូន​របស់​គាត់។ អ្នក​ធ្វើ​ដំណើរ​កាត់​មុខ​ផ្ទះ​គាត់ តែង​តែ​ឃើញ​គាត់​រុញ​ម៉ាស៊ីន​កាត់​ស្មៅ ក្នុង​ទីធ្លា​មុខ​ផ្ទះ​គាត់​ រៀង​រាល់​សប្តាហ៍។​

ថ្ងៃ​មួយ លោក​គ្រីស្តូហ្វឺ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់ និង​ម៉ាស៊ីន​កាត់​ស្មៅ​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​គ្រឿង ពី​ម្ចាស់​ជំនួយ​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ។  ម្ចាស់​ជំនួយ​នេះ​មាន​ការ​ពេញ​ចិត្ត​នៅ​ក្នុង​ការ​ឲ្យ ដោយសារ​នេះ​ជា​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ជួយ​អ្នក​ដែល​ខ្វះខាត។

ព្រះ​យេស៊ូវ​មិន​បាន​មាន​បន្ទូល​ថា យើង​ត្រូវ​តែ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ ដោយ​អាថ៌​កំបាំង​គ្រប់ពេល​នោះ​ទេ ​តែ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ពិនិត្យ​មើល​គោល​បំណង ដែល​យើង​ធ្វើ​ទាន​ដល់​គេ(ម៉ាថាយ ៦:១)។ ព្រះអង្គ​ក៏​មាន​បន្ទូល​ផង​ដែរ​ថា “កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ”(ខ.២)។ ពេល​ដែល​ព្រះ​ទ្រង់​រំពឹង​ឲ្យ​យើង ធ្វើ​ជា​អ្នក​ឲ្យ ដែល​ចិត្ត​ស្មោះ​ ព្រះ​អង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ជៀស​វាង​ការ​ធ្វើ​ការ​ល្អ នៅ​ចំពោះ​មុខ​គេ ដើម្បី​ទទួលការ​សរសើរ ឬ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ(ខ.៣)។​

ពេល​ដែល​យើង​ដឹង​ថា អ្វី​ៗ​ដែល​យើង​មាន​សុទ្ធ​តែ​មក​ពី​ព្រះ នោះ​យើង​អាច​ធ្វើ​ជា​អ្នក​ឲ្យ​ដោយ​សម្ងាត់ ដោយ​មិន​សរសើរ​ខ្លួនឯង ឬ​ស្វែង​រក​ការ​សរសើរ​ពី​អ្នក​ដទៃ។ ព្រះ​ដែល​ជ្រាប​គ្រប់​អ្វី​ៗ​ទាំង​អស់​ ជា​ព្រះ​ដែល​ប្រទាន​ការ​ល្អ​គ្រប់​យ៉ាង។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ប្រទាន​អ្វីៗ មក​រាស្ត្រ​ព្រះ​អង្គ ដោយ​ព្រះ​ទ័យ​សប្បុរស។—Xochitl Dixon