នៅក្នុងសៀវភៅដាក់រូបថតចាស់មួយក្បាលរបស់ឪពុកម្តាយខ្ញុំ មានរូបថតក្មេងប្រុសម្នាក់។ គាត់មានមុខមូល មានអាចម៍រុយ និងមានសក់ត្រង់ វែង ពណ៌ទង់ដែង។ គាត់ចូលចិត្តគំនូរជីវចល ស្អប់ផ្លែប័រ ហើយមានឌីសចាក់ចម្រៀងរបស់ក្រុមចម្រៀង ABBA។ នៅក្នុងសៀវភៅរូបថតនោះ ក៏មានរូបថតក្មេងជំទង់ម្នាក់។ គាត់មានមុខវែង មិនមូល ហើយសក់គាត់វិញ ក៏រួញ មិនត្រង់ដូចក្មេងនោះទេ។ មុខគាត់គ្មានអាចម៍រុយ គាត់ចូលចិត្តផ្លែប័រ ចូលចិត្តមើលខ្សែភាពយន្ត ជាជាងមើលគំនូរជីវចល ហើយមិនដែលទទួលស្គាល់ថា គាត់ឌីសចាក់ចម្រៀងរបស់ក្រុមចម្រៀង ABBA។ ក្មេងប្រុស និងក្មេងជំទង់នោះ មានចំណុចដូចគ្នាបន្តិចបន្តួចដែរ។
យោងតាមវិទ្យាសាស្រ្ត អ្នកទាំងពីរមានស្បែក ធ្មេញ ឈាម និងឆ្អឹងខុសគ្នា។ តែពួកគេជាមនុស្សតែមួយទេ និយាយឲ្យខ្លី ពួកគេគឺជាខ្ញុំកាលនៅក្មេង។ ការផ្លាស់ប្តូរនៅក្នុងវ័យរបស់មនុស្សម្នាក់ៗ បានធ្វើឲ្យទស្សនវិទូជាច្រើនមានការងឿងឆ្ងល់។ ដោយសារយើងមានការផ្លាស់ប្តូរពេញមួយជីវិតយើង ដូចនេះ តើយើងមានលក្ខណៈពិតប្រាកដជាខ្លួនរបស់យើង នៅក្នុងវ័យមួយណា?
ព្រះគម្ពីរមានចម្លើយសម្រាប់សំណួរមួយនេះ។ ចាប់តាំងពីពេលដែលព្រះបានចាប់ផ្តើមផ្សំខ្លួនយើង នៅក្នុងផ្ទៃម្តាយរបស់យើងម្នាក់ៗ(ទំនុកដំកើង ១៣៩:១៣-១៤) យើងក៏បានលូតលាស់ តាមការរចនាដ៏ពិសេសរបស់ព្រះអង្គ។ យើងមិនអាចដឹងជាមុនថា យើងនឹងមានរូបរាង្គយ៉ាងណានៅពេលខាងមុខ តែយើងដឹងថា បើយើងជាកូនរបស់ព្រះ នោះយើងនឹងមានលក្ខណៈសម្បត្តិដូចព្រះយេស៊ូវ(១យ៉ូហាន ៣:២) ដោយការផ្លាស់ប្រែពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានចារិកលក្ខណៈកាន់តែល្អ និងបរិសុទ្ធដូចព្រះអង្គ។
ទំរាំតែដល់ថ្ងៃដែលព្រះយេស៊ូវយាងត្រឡប់មកវិញ យើងកំពុងតែត្រូវបានទាញនាំទៅរកខ្លួនរបស់យើង ក្នុងពេលអនាគត។ ដោយព្រះអង្គធ្វើការក្នុងយើងជាប្រចាំ នោះយើងអាចផ្លាស់ប្រែ ដោយបង្ហាញឲ្យគេមើលឃើញព្រះអង្គ នៅក្នុងជីវិតយើងកាន់តែច្បាស់ឡើង(២កូរិនថូស ៣:១៨)។ យើងមិនទាន់បានក្លាយជាមនុស្ស ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងផ្លាស់ប្រែ ប៉ុន្តែ ពេលណាយើងផ្លាស់ប្រែទៅជាមានលក្ខណៈដូចព្រះអង្គ នោះយើងនឹងក្លាយជាខ្លួនពិតប្រាកដរបស់យើង។ —Sheridan Voysey