លោក​រ៉ូជេលីយ៉ូ(Rogelio) បាន​ធ្វើ​ការ ជា​អ្នក​រត់​តុ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​សម្រាក​លំហែ​កាយ​ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ អស់​រយៈ​ពេល​ពេញ​មួយ​អាទិត្យ។ ពេល​ដែល​យើង​បាន​សន្ទនា​ជា​មួយ​គាត់​ គាត់​បាន​អរ​ព្រះ​គុណ​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ពរ​ឲ្យ​គាត់​មាន​អ្នក​ស្រី​ឃែលី(Kaly) ធ្វើ​ជា​ប្រពន្ធ​ដែល​មាន​ចិត្ត​ឆេះ​ឆួល និង​មាន​ជំនឿ​រឹង​មាំ។ បន្ទាប់​ពី​ពួក​គេ​មាន​កូន​ដំបូង ​ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ពួក​គេ​មាន​ឱកាស​ថែរក្សា​ក្មួយ​ស្រី​របស់​ពួក​គេ ដែល​មាន​ជំងឺ​ពិការ​ខួរ​ក្បាល។

មិន​យូរ​ប៉ុន្មាន ម្តាយ​ក្មេក​របស់​លោក​រ៉ូជេលីយ៉ូក៏​ត្រូវ​ការ​អ្នក​ថែ​ទាំ ក្នុង​ពេល​គាត់​ចាស់​ជរា។

លោក​រ៉ូជេលីយ៉ូ​ក៏​បាន​ធ្វើ​ការ​ដោយ​ក្តី​អំណរ ដោយ​ជា​ញឹក​ញាប់ គាត់​បាន​ធ្វើ​ការ​នៅ​ពេល​យប់​បន្ថែម ដើម្បី​ឲ្យ​ភរិយា​គាត់ អាច​នៅ​ផ្ទះ​ថែទាំ​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។ ខ្ញុំ​ក៏​បាន​ចែក​ចាយ អំពី​ការ​​ដែល​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​មាន​ក្តី​ស្រឡាញ់​កាន់​តែ​ខ្លាំង ដោយ​ពួក​គេ​បាន​បើក​ចំហ​ចិត្ត និង​ផ្ទះ ដើម្បី​បម្រើ​សមាជិក​គ្រួសារ​របស់​ពួក​គេ ហើយ​ពេល​នោះ គាត់​ក៏​បាន​និយាយ​ថា គាត់​មាន​អំណរ ក្នុង​ការ​បម្រើ​ពួក​គេ និង​ក្រុម​គ្រួសារ​ខ្ញុំ។​

ការ​រស់​នៅ​របស់​លោក រ៉ូជែលីយ៉ូ​បាន​បញ្ជាក់ អំពី​អំណាច​នៃ​ការ​រស់​នៅ ដោយ​ចិត្ត​សប្បុរស និង​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ ខណៈ​ពេល​ដែល​យើង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន។ សាវ័ក​ប៉ុល​បាន​ជំរុញ​រាស្រ្ត​របស់​ព្រះ ឲ្យ ប្តូរ​ផ្តាច់​ចំពោះ​គ្នា … ឲ្យ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ​អត់​ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន ហើយ​ផ្គត់​ផ្គង់​អ្នក​ដែល​ខ្វះ​ខាត ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្តី​ចៅរ៉ៅ​(រ៉ូម ១២:១០-១៣)។

ជីវិត​យើង​អាច​ផ្លាស់​ប្តូរ​ភ្លាម​ៗ ធ្វើ​ឲ្យ​យើង ឬ​អ្នក​ដែល​យើង​ស្រឡាញ់​ជាប់​នៅ​ក្នុង​កាលៈទេសៈ ដែល​ហាក់​ដូច​ជា​មិន​អាច​ស៊ូ​ទ្រាំ​បាន។ ប៉ុន្តែ ពេល​ណា​យើង​ស្ម័គ្រ​ចិត្ត​ចែក​រំលែក​អ្វី​ដែល​ព្រះ​បាន​ប្រទាន​យើង ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ព្រះ​អង្គ នោះ​យើង​អាច​តោង​ឲ្យ​ជាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ ទាំង​អស់​គ្នា។—Xochitl Dixon