គ្រប់ទាំងស្រីៗ ដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ។ សុភាសិត ១៤:១
អ្នកស្រីសូជូន័រ ធ្រូត(Sojourner Truth) មានឈ្មោះពីកំណើតថា អ៊ីសាបេឡា បូមហ្វ្រ៊ី(Isabella Baumfree) បានចាប់កំណើតជាទាសករ ក្នុងឆ្នាំ១៧៩៧ ក្នុងតំបន់អេសូប៉ូស ក្នុងរដ្ឋញូយ៉ក។ កូនៗរបស់គាត់ស្ទើរតែទាំងអស់ ត្រូវគេយកទៅលក់ជាទាសករ តែគាត់បានរត់គេចជាមួយកូនស្រីម្នាក់ រហូតមានសេរីភាព ក្នុងឆ្នាំ១៨២៦ ហើយក៏បានរស់នៅជាមួយក្រុមគ្រួសារមួយ ដែលបានបង់ថ្លៃលោះ ឲ្យគាត់មានសេរីភាព។ គាត់មិនព្រមឲ្យប្រព័ន្ធច្បាស់ដ៏អយុត្តិធម៌បន្តបំបែកបំបាក់គ្រួសារគាត់ទៀតឡើង ផ្ទុយទៅវិញ គាត់ក៏បានស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ដើម្បីឲ្យកូនប្រុសគាត់ឈ្មោះភីធ័រ(Peter) បានមករស់នៅជាមួយគាត់ឡើងវិញ ដែលនេះជាជោគជ័យដ៏អស្ចារ្យ ដែលស្រ្តីអាមេរិកដើមកំណើតអាហ្វ្រិកអាចធ្វើបាន នៅសម័យនោះ។ នាងដឹងថា នាងមិនអាចចិញ្ចឹមកូននាង ដោយគ្មានជំនួយពីព្រះបានឡើយ ដូចនេះ នាងក៏បានទទួលជឿព្រះគ្រីស្ទ ហើយក្រោយមកក៏បានប្តូរឈ្មោះទៅជា សូជូន័រ ធ្រូត ដើម្បីបង្ហាញថាជីវិតរបស់នាង បានសង់ឡើង នៅលើគ្រឹះនៃសេចក្តីពិតរបស់ព្រះ។
ស្តេចសាឡូម៉ូន ដែលជាអ្នកនិពន្ធបទគម្ពីរសុភាសិត ជំពូក១៤ បានប្រកាសថា “គ្រប់ទាំងស្រីៗ ដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ”(ខ.១)។ ការប្រៀបប្រដូច អំពីការសង់ផ្ទះនេះ គឺបានបង្ហាញ អំពីប្រាជ្ញាដែលព្រះទ្រង់ប្រទានដល់អ្នកដែលព្រមស្តាប់ព្រះបន្ទូលព្រះអង្គ។ តើគេសង់ផ្ទះដោយប្រាជ្ញា ដោយរបៀបណា? គឺដោយនិយាយ “តែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ”(អេភេសូរ ៣:២៩ និងមើល ១ថែស្សាឡូនិច ៥:១១)។ តើមនុស្សបំផ្លាញផ្ទះខ្លួនដោយរបៀបណា? បទគម្ពីរសុភាសិត ជំពូក១៤ បានឆ្លើយថា “នៅក្នុងមាត់របស់មនុស្សល្ងីល្ងើ នោះមានរំពាត់សំរាប់បង្ក្រាបសេចក្តីអំនួតរបស់វា”(ខ.៣)។
អ្នកស្រីសូជូន័រ មាន “ទីពឹងដ៏មាំមួន”មួយ(ខ.២៥) ក្នុងពេលដែលមានខ្យល់ព្យុះ គឺដោយសារប្រាជ្ញារបស់ព្រះ។ អ្នកប្រហែលមិនមានកូន ដែលត្រូវការការជួយសង្រ្គោះ ឲ្យរួចពីភាពអយុត្តិធម៌នោះឡើយ តែអ្នកអាចសង់ផ្ទះរបស់អ្នក នៅលើគ្រឹះ ដែលជាប្រាជ្ញារបស់ព្រះ ដូចអ្នកស្រីសូជូន័រផងដែរ។—Linda Washington