គ្រប់​ទាំង​ស្រីៗ ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងីល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ។ សុភាសិត ១៤:១

អ្នក​ស្រី​សូជូន័រ ធ្រូត(Sojourner Truth) មាន​ឈ្មោះ​ពី​កំណើត​ថា អ៊ីសាបេឡា បូមហ្វ្រ៊ី(Isabella Baumfree) បាន​ចាប់​កំណើត​ជា​ទាសករ ក្នុង​ឆ្នាំ​១៧៩៧ ក្នុង​តំបន់​អេសូប៉ូស ក្នុង​រដ្ឋ​ញូយ៉ក។ ​កូន​ៗ​របស់​គាត់​ស្ទើរ​តែ​ទាំង​អស់ ត្រូវ​គេ​យក​ទៅ​លក់​ជា​ទាសករ តែ​គាត់​បាន​រត់​គេច​ជា​មួយ​កូន​ស្រី​ម្នាក់ រហូត​មាន​សេរីភាព ក្នុង​ឆ្នាំ​១៨២៦ ហើយ​ក៏​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​មួយ ដែល​បាន​បង់​ថ្លៃ​លោះ ឲ្យ​គាត់​មាន​សេរី​ភាព​។ គាត់​មិន​ព្រម​ឲ្យ​ប្រព័ន្ធ​ច្បាស់​ដ៏​អយុត្តិធម៌​បន្ត​បំបែក​បំបាក់​គ្រួសារ​គាត់​ទៀត​ឡើង ផ្ទុយ​ទៅ​វិញ គាត់​ក៏​បាន​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​កូន​ប្រុស​គាត់​ឈ្មោះ​ភីធ័រ(Peter) បាន​មក​រស់​នៅ​ជា​មួយ​គាត់​ឡើង​វិញ ដែល​នេះ​ជា​ជោគ​ជ័យ​ដ៏​អស្ចារ្យ ដែល​ស្រ្តី​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​អាច​ធ្វើ​បាន នៅ​សម័យ​នោះ។ នាង​ដឹង​ថា នាង​មិន​អាច​ចិញ្ចឹម​កូន​នាង ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​បាន​ឡើយ ដូច​នេះ នាង​ក៏​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ ហើយ​ក្រោយ​មក​ក៏​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា សូជូន័រ ធ្រូត ដើម្បី​បង្ហាញ​ថា​ជីវិត​របស់​នាង បាន​សង់​ឡើង នៅ​លើ​គ្រឹះ​នៃ​សេចក្តី​ពិត​របស់​ព្រះ។

ស្តេច​សាឡូម៉ូន ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​សុភាសិត ជំពូក​១៤ បាន​ប្រកាស​ថា “គ្រប់​ទាំង​ស្រីៗ ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងីល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ”(ខ.១)។ ការ​ប្រៀប​ប្រដូច អំពី​ការ​សង់​ផ្ទះ​នេះ គឺ​បាន​បង្ហាញ អំពី​ប្រាជ្ញា​ដែល​ព្រះ​ទ្រង់​ប្រទាន​ដល់​អ្នក​ដែល​ព្រម​ស្តាប់​ព្រះ​បន្ទូល​ព្រះ​អង្គ។ តើ​គេ​សង់​ផ្ទះ​ដោយ​ប្រាជ្ញា ដោយ​របៀប​ណា? គឺ​ដោយ​និយាយ “​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ”(អេភេសូរ ៣:២៩ និង​មើល ១ថែស្សាឡូនិច ៥:១១)។ តើ​មនុស្ស​បំផ្លាញ​ផ្ទះ​ខ្លួន​ដោយ​របៀប​ណា? បទ​គម្ពីរ​សុភាសិត ជំពូក១៤ បាន​ឆ្លើយ​ថា “នៅ​ក្នុង​មាត់​របស់​មនុស្ស​ល្ងីល្ងើ នោះ​មាន​រំពាត់​សំរាប់​បង្ក្រាប​សេចក្តី​អំនួត​របស់​វា”(ខ.៣)។

អ្នក​ស្រី​សូជូន័រ មាន “ទីពឹង​ដ៏​មាំមួន”មួយ​(ខ.២៥) ក្នុង​ពេល​ដែល​មាន​ខ្យល់​ព្យុះ គឺ​ដោយសារ​ប្រាជ្ញា​របស់​ព្រះ​។ អ្នក​ប្រហែល​មិន​មាន​កូន ដែល​ត្រូវ​ការ​ការ​ជួយ​សង្រ្គោះ ឲ្យ​រួច​ពី​ភាព​អយុត្តិធម៌​នោះ​ឡើយ តែ​អ្នក​អាច​សង់​ផ្ទះ​របស់​អ្នក នៅ​លើ​គ្រឹះ ដែល​ជា​ប្រាជ្ញា​របស់​ព្រះ ដូច​អ្នក​ស្រី​សូជូន័រ​ផង​ដែរ។—Linda Washington