ថ្មី​ៗ​នេះ មាន​ការ​ស្ទង់​មតិ​មួយ បាន​សួរ​គេ​ថា តើ​អ្នក​ពេញ​វ័យ​នៅ​អាយុ​ប៉ុន្មាន។ អ្នក​ដែល​ជឿ​ថា ខ្លួន​ឯង​ជា​មនុស្ស​ពេញ​វ័យ ​ក៏​បាន​លើក​ឡើង​ថា ពួកគេ​មាន​អាកប្ប​កិរិយា​ដ៏​ជាក់​លាក់​មួយ​ចំនួន ជា​ភស្តុតាង​បញ្ជាក់​ថា ពួក​គេ​ជា​មនុស្ស​ពេញ​វ័យ។ អ្នក​ខ្លះ​ទៀត​ជឿ​ថា ការ​មាន​ថវិកា និង​សមត្ថភាព​ទិញ​ផ្ទះ គឺ​ជា​កត្តា​សំខាន់​បំផុត ដែល​បង្ហាញ​ថា ពួក​គេ​ជា​មនុស្ស​ពេញ​វ័យ។  អ្នក​ខ្លះ​បាន​លើក​ឡើង អំពី​សកម្ម​ភាព​របស់​មនុស្ស​ពេញ​វ័យ ដែល​រាប់​ចាប់​តាំង​ពី​ការ​ចំអិន​អាហារ​ពេល​ល្ងាច និង​ការ​រៀប​ចំ​កាល​វិភាព​សម្រាប់​ការ​ណាត់​ជួប​ពេទ្យ រហូត​ដល់​សមត្ថភាព​នៃ​ការ​សម្រេច​ចិត្ត​ញាំ​អាហារ​សម្រន់ ​ជំនួស​អាហារ​ពេល​ល្ងាច ឬ​ការ​មាន​ចិត្ត​រំភើប​នៅ​ក្នុង​ការ​នៅ​ផ្ទះ នៅ​ពេល​ល្ងាច​ថ្ងៃ​សៅរ៍ ជា​ជាង​ចេញ​ទៅ​ក្រៅ។​

ព្រះគម្ពីរ​ប៊ីប​បាន​ចែង​ថា យើង​ក៏​គួរ​តែ​ខំ​មមុល​ ទៅ​រក​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ ដោយ​ជំរុញ​ពួក​គេ ឲ្យ “បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរ​ពេញ​ផង​ព្រះ​គ្រីស្ទ”(៤:១៣)។ កាល​ណា​យើង​នៅ “ក្មេងវ័យ” ខាង​ជំនឿ យើង​ងាយ​នឹង​ទទួល​រង​នូវ “ខ្យល់​នៃ​សេចក្តី​បង្រៀន”(ខ.១៤) បក់​បោក​មក ដែល​ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា។ ផ្ទុយ​ទៅ​វិញ ពេល​ណា​យើង​មាន​ភាព​ពេញ​វ័យ ក្នុង​ការ​យល់​សេចក្តី​ពិត យើង​ក៏​មាន​ការ​រួប​រួម​គ្នា ជា​រូប​កាយ ដែល​មាន​ព្រះ​គ្រីស្ទ​ជា​សិរសា(ខ.១៥)។

ព្រះ​ទ្រង់​ប្រទាន​យើង​នូវ​ព្រះ​វិញ្ញាណ​ព្រះអង្គ ​​ដើម្បី​ជួយ​យើង​ឲ្យ​លូត​លាស់ នៅ​ក្នុង​ការ​ស្គាល់​ព្រះអង្គ​ជា​នរណា​(យ៉ូហាន ១៤:២៦) ហើយ​ព្រះ​អង្គ​ប្រទាន​លទ្ធ​ភាព​ដល់​គ្រូ​គង្វាល និង​គ្រូ​បង្រៀន ឲ្យ​បង្រៀន និង​ដឹក​នាំ​យើង ឆ្ពោះ​ទៅ​រក​ភាព​ពេញ​វ័យ ក្នុង​ជំនឿ​របស់​យើង​(អេភេសូរ ៤:១១-១២)។ ចារិក​លក្ខណៈ​មួយ​ចំនួន គឺ​ជា​ភស្តុតាង​បង្ហាញ​ពី​ភាព​ពេញ​វ័យ​ខាង​រូប​កាយ ហើយ​ការ​រួប​រួម​របស់​យើង ជា​រូប​កាយ​តែ​មួយ​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ភស្តុ​តាង​បង្ហាញ​ថា យើង​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ។​—Kirsten Holmberg