បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ​បាន​ទូរស័ព្ទ​ចូល​លេខ​៩១១ មន្រ្តី​ប៉ូលិស​ម្នាក់​បាន​បើក​ឡាន អែបនឹង​ផ្លូវ​រថ​ភ្លើង ដោយ​បើក​ភ្លើង​បញ្ចាំង​មើល​ទៅ​ឆ្ងាយ ក្នុង​ពេល​យប់​ងងឹត ទាល់​តែ​គាត់​បាន​ប្រទះ​ឃើញ​រថយន្ត ដែល​កំពុង​ជាប់​នឹង​ផ្លូវ​រថភ្លើង។ កាំមីរ៉ា​នៅ​ក្នុង​ឡាន​របស់​ប៉ូលិស​នោះ​ថត​បាន​សកម្មភាព​រថភ្លើង​កំពុង​បោះ​ពួយ​យ៉ាង​លឿន​មក​រក​ឡាន​នោះ។ គាត់​ថា រថ​ភ្លើង​នោះ​បើក​លឿន​ណាស់ ប្រហែល​ល្បឿន​១២០ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ គាត់​ក៏​បាន​ប្រញាប់​ទៅ​ជួយ​គេ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ដោយ​ចាប់​ទាញ​បុរស​ម្នាក់​ដែល​កំពុង​សន្លប់ ចេញ​ពី​ក្នុង​ឡាន​ដោយ​សុវត្ថិ​ភាព ក្នុង​រយៈ​ពេល​ពីរ​បី​វិនាទី មុន​ពេល​រថភ្លើង​បុក​ឡាន​នោះ​មួយ​ទំហឹង។

ព្រះ​គម្ពីរ​ប៊ីប​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​ជា​អ្នក​ជួយ​សង្រ្គោះ ជា​ពិសេស នៅ​ពេល​ដែល​អ្វី​ៗ​ហាក់​ដូច​ជា​បាត់​បង់​អស់។​ កាល​ពួក​អ៊ីស្រាអែល​កំពុង​តែ​ជាប់​ចំណង ក្នុង​ទឹក​ដី​អេស៊ីព្ទ និង​មាន​ភាព​ក្រៀម​ក្រោះ និង​ថប់​ដង្ហើម ដោយ​សារ​ការ​កៀប​សង្កត់ ពួក​គេ​មិន​បាន​គិត​ថា ពួក​គេ​អាច​រត់​គេច​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ យើង​ឃើញ​ថា ព្រះ​ទ្រង់​បាន​មាន​បន្ទូល​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “អញ​បាន​ឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវនាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្តី​ទុក្ខ​ព្រួយ​របស់​គេ។ ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ”(៣:៧,៨)។​ ព្រះ​ទ្រង់​ក៏​បាន​ដឹក​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ភាព​ជា​ទាសករ។ នេះ​ជា​ការ​សង្រ្គោះ​មក​ពី​ព្រះ​ដ៏​ខ្ពស់។

ការ​សង្រ្គោះ​របស់​ព្រះ​អង្គ សម្រាប់​ប្រជា​ជន​អ៊ីស្រាអែល គឺ​បាន​បង្ហាញ​ព្រះ​ទ័យ និង​អំណាច​របស់​ព្រះ ដែល​នឹង​ជួយ​យើង​រាល់​គ្នា នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​អង្គ។ ព្រះ​អង្គ​នឹង​ជួយ​យើង មិន​ឲ្យ​វិនាស​ឡើយ។ ទោះ​ស្ថាន​ភាព​របស់​យើង​ហាក់​ដូច​ជា​ទាល់​ច្រក ឬ​មិន​អាច​មាន​សង្ឃឹម យើង​អាច​បើក​ភ្នែក និង​ចិត្ត​យើង មើល​ទៅ​ព្រះ​ដែល​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​សង្រ្គោះ​យើង។​—Winn Collier