ថ្មីៗនេះ មានការស្ទង់មតិមួយ បានសួរគេថា តើអ្នកពេញវ័យនៅអាយុប៉ុន្មាន។ អ្នកដែលជឿថា ខ្លួនឯងជាមនុស្សពេញវ័យ ក៏បានលើកឡើងថា ពួកគេមានអាកប្បកិរិយាដ៏ជាក់លាក់មួយចំនួន ជាភស្តុតាងបញ្ជាក់ថា ពួកគេជាមនុស្សពេញវ័យ។ អ្នកខ្លះទៀតជឿថា ការមានថវិកា និងសមត្ថភាពទិញផ្ទះ គឺជាកត្តាសំខាន់បំផុត ដែលបង្ហាញថា ពួកគេជាមនុស្សពេញវ័យ។ អ្នកខ្លះបានលើកឡើង អំពីសកម្មភាពរបស់មនុស្សពេញវ័យ ដែលរាប់ចាប់តាំងពីការចំអិនអាហារពេលល្ងាច និងការរៀបចំកាលវិភាពសម្រាប់ការណាត់ជួបពេទ្យ រហូតដល់សមត្ថភាពនៃការសម្រេចចិត្តញាំអាហារសម្រន់ ជំនួសអាហារពេលល្ងាច ឬការមានចិត្តរំភើបនៅក្នុងការនៅផ្ទះ នៅពេលល្ងាចថ្ងៃសៅរ៍ ជាជាងចេញទៅក្រៅ។
ព្រះគម្ពីរប៊ីបបានចែងថា យើងក៏គួរតែខំមមុល ទៅរកភាពពេញវ័យខាងវិញ្ញាណផងដែរ។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ ដោយជំរុញពួកគេ ឲ្យ “បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(៤:១៣)។ កាលណាយើងនៅ “ក្មេងវ័យ” ខាងជំនឿ យើងងាយនឹងទទួលរងនូវ “ខ្យល់នៃសេចក្តីបង្រៀន”(ខ.១៤) បក់បោកមក ដែលច្រើនតែនាំឲ្យមានការបែកបាក់គ្នា។ ផ្ទុយទៅវិញ ពេលណាយើងមានភាពពេញវ័យ ក្នុងការយល់សេចក្តីពិត យើងក៏មានការរួបរួមគ្នា ជារូបកាយ ដែលមានព្រះគ្រីស្ទជាសិរសា(ខ.១៥)។
ព្រះទ្រង់ប្រទានយើងនូវព្រះវិញ្ញាណព្រះអង្គ ដើម្បីជួយយើងឲ្យលូតលាស់ នៅក្នុងការស្គាល់ព្រះអង្គជានរណា(យ៉ូហាន ១៤:២៦) ហើយព្រះអង្គប្រទានលទ្ធភាពដល់គ្រូគង្វាល និងគ្រូបង្រៀន ឲ្យបង្រៀន និងដឹកនាំយើង ឆ្ពោះទៅរកភាពពេញវ័យ ក្នុងជំនឿរបស់យើង(អេភេសូរ ៤:១១-១២)។ ចារិកលក្ខណៈមួយចំនួន គឺជាភស្តុតាងបង្ហាញពីភាពពេញវ័យខាងរូបកាយ ហើយការរួបរួមរបស់យើង ជារូបកាយតែមួយរបស់ព្រះគ្រីស្ទ គឺជាភស្តុតាងបង្ហាញថា យើងមានការលូតលាស់ខាងវិញ្ញាណ។—Kirsten Holmberg