អ្នក​ដឹក​នាំ​នៃ​ការ​ប្រជុំ​តាម​អ៊ីនធឺណិត បាន​និយាយ​ថា “អរុណ​សួស្តី”។ ខ្ញុំ​ក៏​បាន​និយាយ​ថា សួស្តី ទៅ​កាន់​គាត់​វិញ តែ​ខ្ញុំ​មិន​បាន​មើល​ទៅ​គាត់​ទេ ព្រោះ​ខ្ញុំ​រវល់​តែ​មើល​រូប​ខ្លួន​ឯង នៅ​លើ​អេក្រង់។ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មាន​រូបរាង្គ​ដូច​នេះ​ឬ?  ខ្ញុំ​ក៏​បាន​មើល​ទៅ​ទឹក​មុខ​ញញឹម​របស់​អ្នក​ដទៃ នៅ​ក្នុង​ការ​ជួប​ជុំ​តាម​អនឡាញ​នោះ។ ខ្ញុំ​ស្គាល់​មុខ​ពួក​គេ​ម្នាក់​ៗ ដូច​នេះ ម្នាក់​ដែល​មាន​រាង​ធាត់​នោះ គឺ​ជា​ខ្ញុំ​ហើយ។ ខ្ញុំ​គួរ​តែ​សម្រក​ទម្ងន់​ខ្លះ ហើយ​កាត់​សក់​ឲ្យ​ខ្លី​ផង​ដែរ។

ក្នុង​គំនិត​របស់​ស្តេច​ផារ៉ោន ទ្រង់​គិត​ថា​ ទ្រង់​ជា​មនុស្ស​អស្ចារ្យ។ ទ្រង់ “ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ដូច​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ​”(អេសេគាល ៣២:២)។ ប៉ុន្តែ បន្ទាប់​មក ទ្រង់​ក៏​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​មុន តាម​ទស្សនៈ​របស់​ព្រះ។ ព្រះ​ទ្រង់​មាន​បន្ទូល​ថា ស្តេច​ផារ៉ោន​កំពុង​មាន​រឿង ហើយ​ព្រះ​អង្គ​នឹង​ទុក​សាក​សព​របស់​ស្តេច​អង្គ​នេះ ឲ្យ​សត្វ​ព្រៃ​ស៊ី នឹង​ឲ្យ​ជនជាតិ​ជា​ច្រើន មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​រឿង​ដែល​បាន​កើត​ឡើង​មក​លើ​ស្តេច​ផារ៉ោន ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង”(ខ.១០)។ ដូចនេះ ស្តេច​ផារ៉ោន​មិន​អស្ចារ្យ​ដូច ដែល​ទ្រង់​ធ្លាប់​គិត​នោះ​ទេ។

យើង​ប្រហែល​ជា​គិត​ថា យើង “មាន​ភាព​សង្ហា​ខាង​វិញ្ញាណ” តែ​យើង​នឹង​ផ្លាស់​ប្តូរ​ការ​គិត​នេះ ពេល​ដែល​យើង​មើល​ឃើញ​អំពើ​បាប​របស់​យើង ដូច​ដែល​ព្រះ​ទ្រង់​បាន​ទត​ឃើញ​វា។ បើ​ធៀប​នឹង​ខ្នាត​គំរូ​នៃ​ភាព​បរិសុទ្ធ​របស់​ព្រះ​អង្គ នោះ​សូម្បី​តែ “​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ ក៏​ដូច​ជា​អាវ​កខ្វក់”(អេសាយ ៦៤:៦)។ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​ទត​ឃើញ​អ្វី​ផ្សេង​ទៀត គឺ​ទត​ឃើញ​ព្រះ​យេស៊ូវ ហើយ​ក៏​ទត​ឃើញ​យើង​នៅ​ក្នុង​ព្រះ​យេស៊ូវ។

បើ​អ្នក​មាន​ការ​បាក់​ទឹក​ចិត្ត ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​អ្នក នោះ​ចូរ​ចាំ​ថា នោះ​មិន​មែន​ជា​លក្ខណៈ​សម្បត្តិ​ពិត​ប្រាកដ​របស់​អ្នក​ទេ។​ ព្រោះ​បើ​អ្នក​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ នោះ​អ្នក​នៅ​ក្នុង​ព្រះ​យេស៊ូវ ហើយ​ភាព​បរិសុទ្ធ​របស់​ព្រះ​អង្គ​គ្រប​បាំង​អ្នក។ អ្នក​មាន​ភាព​ស្រស់​ស្អាត​លើស​ពី​ការ​ស្រមៃ​របស់​អ្នក។​—Mike Wittmer