អ្នកដឹកនាំនៃការប្រជុំតាមអ៊ីនធឺណិត បាននិយាយថា “អរុណសួស្តី”។ ខ្ញុំក៏បាននិយាយថា សួស្តី ទៅកាន់គាត់វិញ តែខ្ញុំមិនបានមើលទៅគាត់ទេ ព្រោះខ្ញុំរវល់តែមើលរូបខ្លួនឯង នៅលើអេក្រង់។ ខ្ញុំសួរខ្លួនឯងថា តើខ្ញុំមានរូបរាង្គដូចនេះឬ? ខ្ញុំក៏បានមើលទៅទឹកមុខញញឹមរបស់អ្នកដទៃ នៅក្នុងការជួបជុំតាមអនឡាញនោះ។ ខ្ញុំស្គាល់មុខពួកគេម្នាក់ៗ ដូចនេះ ម្នាក់ដែលមានរាងធាត់នោះ គឺជាខ្ញុំហើយ។ ខ្ញុំគួរតែសម្រកទម្ងន់ខ្លះ ហើយកាត់សក់ឲ្យខ្លីផងដែរ។
ក្នុងគំនិតរបស់ស្តេចផារ៉ោន ទ្រង់គិតថា ទ្រង់ជាមនុស្សអស្ចារ្យ។ ទ្រង់ “ប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសំបើមនៅក្នុងសមុទ្រ”(អេសេគាល ៣២:២)។ ប៉ុន្តែ បន្ទាប់មក ទ្រង់ក៏បានស្គាល់ខ្លួនឯងច្បាស់ជាងមុន តាមទស្សនៈរបស់ព្រះ។ ព្រះទ្រង់មានបន្ទូលថា ស្តេចផារ៉ោនកំពុងមានរឿង ហើយព្រះអង្គនឹងទុកសាកសពរបស់ស្តេចអង្គនេះ ឲ្យសត្វព្រៃស៊ី នឹងឲ្យជនជាតិជាច្រើន មានការភ្ញាក់ផ្អើល ចំពោះរឿងដែលបានកើតឡើងមកលើស្តេចផារ៉ោន ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំង”(ខ.១០)។ ដូចនេះ ស្តេចផារ៉ោនមិនអស្ចារ្យដូច ដែលទ្រង់ធ្លាប់គិតនោះទេ។
យើងប្រហែលជាគិតថា យើង “មានភាពសង្ហាខាងវិញ្ញាណ” តែយើងនឹងផ្លាស់ប្តូរការគិតនេះ ពេលដែលយើងមើលឃើញអំពើបាបរបស់យើង ដូចដែលព្រះទ្រង់បានទតឃើញវា។ បើធៀបនឹងខ្នាតគំរូនៃភាពបរិសុទ្ធរបស់ព្រះអង្គ នោះសូម្បីតែ “អស់ទាំងអំពើសុចរិតរបស់យើង ក៏ដូចជាអាវកខ្វក់”(អេសាយ ៦៤:៦)។ ប៉ុន្តែ ព្រះទ្រង់ក៏ទតឃើញអ្វីផ្សេងទៀត គឺទតឃើញព្រះយេស៊ូវ ហើយក៏ទតឃើញយើងនៅក្នុងព្រះយេស៊ូវ។
បើអ្នកមានការបាក់ទឹកចិត្ត ចំពោះលក្ខណៈសម្បត្តិរបស់អ្នក នោះចូរចាំថា នោះមិនមែនជាលក្ខណៈសម្បត្តិពិតប្រាកដរបស់អ្នកទេ។ ព្រោះបើអ្នកបានទទួលជឿព្រះយេស៊ូវ នោះអ្នកនៅក្នុងព្រះយេស៊ូវ ហើយភាពបរិសុទ្ធរបស់ព្រះអង្គគ្របបាំងអ្នក។ អ្នកមានភាពស្រស់ស្អាតលើសពីការស្រមៃរបស់អ្នក។—Mike Wittmer