ពេលដែលអ្នកស្រី ហ្គ៊ូដរិជ(Goodrich) មានវ័យកាន់តែចាស់ គាត់ក៏បាននឹកគិតដល់អនុស្សាវរីយ៍ នៃជីវិតដែលមានពេញដោយបញ្ហាប្រឈម និងពេញដោយព្រះគុណ។ គាត់អង្គុយនៅមាត់បង្អួច មើលទៅទឹកនៅជ្រោយហ្គ្រែន ទ្រេវើស នៅរដ្ឋមីឈីហ្គិន ហើយក៏បានដកសៀវភៅកត់ត្រាចេញមក។ គាត់ក៏បានសរសេរថា “ខ្ញុំកំពុងអង្គុយនៅលើកៅអីដែលខ្ញុំចូលចិត្ត ជើងដាក់នៅលើទម្រ ហើយចិត្តខ្ញុំនៅក្នុងអាកាស។ ពន្លឺថ្ងៃចែងចាំងទឹករលក ដែលនៅខាងក្រោម ដោយកំពុងបក់បោកឥតឈប់ ទៅរកកន្លែងដែលខ្ញុំមិនដឹង។ ប៉ុន្តែ ឱព្រះវរបិតានៅស្ថានដ៏ខ្ពស់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការប្រទានអំណោយដែលច្រើនរាប់មិនអស់ និងសម្រាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ហេតុអ្វីទូលបង្គំស្រឡាញ់ព្រះអង្គ ទោះទូលបង្គំមើលព្រះអង្គមិនឃើញក៏ដោយ?”
សាវ័កពេត្រុសយល់អំពីមូលហេតុ ដែលយើងមានចម្ងល់ដូចនេះ។ គាត់បានឃើញព្រះយេស៊ូវ ដោយផ្ទាល់ភ្នែក តែអ្នកដែលបានអានសំបុត្រគាត់ មិនបានឃើញព្រះអង្គទេ។ ហេតុនេះហើយគាត់បានសរសេរថា “អ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន”(១ពេត្រុស ១:៨)។ យើងស្រឡាញ់ព្រះយេស៊ូវ មិនមែនដោយសារយើងបានទទួលបង្គាប់ឲ្យស្រឡាញ់នោះទេ តែដោយសារជំនួយពីព្រះវិញ្ញាណ(ខ.១១) នោះយើងចាប់ផ្តើមយល់ អំពីទំហំនៃក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង។
ព្រះអង្គមិនគ្រាន់តែមានបន្ទូលថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះមនុស្សដូចយើងប៉ុណ្ណោះឡើយ តែថែមទាំងបានបង្ហាញភាពអស្ចារ្យនៃព្រះវត្តមាន និងព្រះវិញ្ញាណដែលយើងមើលមិនឃើញ ដល់យើងរាល់គ្នា ក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់យើង ដោយសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ទ ដែលយើងអាចពិសោធន៍ផ្ទាល់ៗខ្លួន។—Mart DeHaan