ម្តាយរបស់ខ្ញុំមានការប្ដេជ្ញាចិត្ត ចំពោះរឿងជាច្រើន ពេញមួយជីវិតគាត់ ប៉ុន្តែ គាត់តែងតែចង់ឲ្យក្មេងៗបានស្គាល់ព្រះយេស៊ូវ។ ខ្ញុំធ្លាប់បានឃើញម្តាយខ្ញុំបង្ហាញការមិនគាំទ្រជាសាធារណៈ ពីរបីដង គឺនៅពេលដែលនរណាម្នាក់ចង់កាត់បន្ថយថវិការសម្រាប់ការងារផ្នែកកុមារ ដើម្បីការងារផ្នែកផ្សេង ដែលពួកគេគិតថា មានប្រយោជន៍ជាង។ គាត់ប្រាប់ខ្ញុំថា គាត់បានសុំគេឈប់សម្រាកពេញមួយរដូវក្តៅ ពេលដែលគាត់មានផ្ទៃពោះកំណើតបងប្រុសខ្ញុំ ព្រោះគាត់បានរាប់វាជារឿងសំខាន់។ ខ្ញុំក៏បានធ្វើការបូកសរុប ហើយក៏បានដឹងថា ម្តាយខ្ញុំបានធ្វើការបម្រើព្រះ ក្នុងផ្នែកកុមារ ក្នុងព្រះវិហារគាត់ អស់រយៈពេល៥៥ឆ្នំា។
បទគម្ពីរម៉ាកុស ជំពូក ១០ បានកត់ត្រានូវរឿងដ៏រំភើបចិត្តមួយ ក្នុងកណ្ឌគម្ពីរដំណឹងល្អ ដែលជាទូទៅ គេបានដាក់ចំណងជើងឲ្យរឿងនេះថា “ក្មេងតូចៗ និងព្រះយេស៊ូវ”។ គេបាននាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកគេ ហើយប្រទានពរពួកគេ។ ប៉ុន្តែ ពួកសាវ័កបានព្យាយាមឃាត់ពួកគេ។ កណ្ឌគម្ពីរម៉ាកុសបានចែងថា ព្រះយេស៊ូវមានការឈឺព្រះទ័យ ហើយក៏បានស្តីបន្ទោសឲ្យពួកសិស្សរបស់ព្រះអង្គថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ខ.១៤)។
លោកឆាល ឌីខិន(Charles Dickens) បានសរសេរថា “ខ្ញុំស្រឡាញ់ក្មេងៗណាស់ ហើយវាមិនមែនជារឿងតូចតាចឡើយ នៅពេលដែលពួកគេស្រឡាញ់យើង ដោយពួកគេជាស្នាព្រះហស្តដ៏ក្មេងខ្ចីរបស់ព្រះ” ហើយវាក៏មិនមែនជារឿងតូចតាចដែរ នៅពេលដែលយើងជាមនុស្សធំជាងពួកគេ ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីមិនឲ្យមានអ្វីមករារាំងក្មេងតូចៗ មិនឲ្យទទួលសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលតែងតែថ្មីជានិច្ច។—John Blasé