ម្តាយ​របស់​ខ្ញុំ​មាន​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​រឿង​ជា​ច្រើន ពេញ​មួយ​ជីវិត​គាត់ ប៉ុន្តែ គាត់​តែង​តែ​ចង់​ឲ្យ​ក្មេង​ៗ​បាន​ស្គាល់​ព្រះ​យេស៊ូវ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​ម្តាយ​ខ្ញុំ​បង្ហាញ​ការ​មិន​គាំទ្រ​ជា​សាធារណៈ ពីរ​បី​ដង ​គឺ​នៅ​ពេល​ដែល​នរណា​ម្នាក់​ចង់​កាត់​បន្ថយ​ថវិការ​សម្រាប់​ការងារ​ផ្នែក​កុមារ ដើម្បី​ការងារ​ផ្នែក​ផ្សេង ដែល​ពួក​គេ​គិត​ថា មាន​ប្រយោជន៍​ជាង។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​សុំ​គេ​ឈប់​សម្រាក​ពេញ​មួយ​រដូវ​ក្តៅ ពេល​ដែល​គាត់​មាន​ផ្ទៃ​ពោះ​កំណើត​បង​ប្រុស​ខ្ញុំ ព្រោះ​គាត់​បាន​រាប់​វា​ជា​រឿង​សំខាន់។ ខ្ញុំ​ក៏​បាន​ធ្វើ​ការ​បូក​សរុប ហើយ​ក៏​បាន​ដឹង​ថា ម្តាយ​ខ្ញុំ​បាន​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​ផ្នែក​កុមារ ក្នុង​ព្រះ​វិហារ​គាត់ អស់​រយៈ​ពេល​៥៥​ឆ្នំា។

បទ​គម្ពីរ​ម៉ាកុស ជំពូក ១០ បាន​កត់​ត្រា​នូវ​រឿង​ដ៏​រំភើប​ចិត្ត​មួយ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ដែល​ជា​ទូទៅ ​គេ​បាន​ដាក់​ចំណង​ជើង​ឲ្យ​រឿង​នេះ​ថា “ក្មេង​តូច​ៗ និង​ព្រះ​យេស៊ូវ”។ គេ​បាន​នាំ​ក្មេង​ៗ​មក​រក​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដាក់​ព្រះ​ហស្ត​លើ​ពួក​គេ ហើយ​ប្រទាន​ពរ​ពួក​គេ។ ប៉ុន្តែ ពួក​សាវ័ក​បាន​ព្យាយាម​ឃាត់​ពួក​គេ​។ កណ្ឌ​គម្ពីរ​ម៉ាកុស​បាន​ចែង​ថា ព្រះ​យេស៊ូវ​មាន​ការ​ឈឺ​ព្រះ​ទ័យ ហើយ​ក៏​បាន​ស្តី​បន្ទោស​ឲ្យ​ពួក​សិស្ស​របស់​ព្រះ​អង្គ​ថា “ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ”(ខ.១៤)។

លោក​ឆាល ឌីខិន(Charles Dickens) បាន​សរសេរ​ថា​ “ខ្ញុំ​ស្រឡាញ់​ក្មេង​ៗ​ណាស់ ហើយ​វា​មិន​មែន​ជា​រឿង​តូច​តាច​ឡើយ នៅ​ពេល​ដែល​ពួក​គេ​ស្រឡាញ់​យើង ដោយ​ពួកគេ​ជា​ស្នា​ព្រះ​ហស្ត​ដ៏​ក្មេង​ខ្ចី​របស់​ព្រះ” ហើយ​វា​ក៏​មិន​មែន​ជា​រឿង​តូច​តាច​ដែរ នៅ​ពេល​ដែល​យើង​ជា​មនុស្ស​ធំ​ជាង​ពួក​គេ ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​មិន​ឲ្យ​មាន​អ្វី​មក​រារាំង​ក្មេង​តូច​ៗ មិន​ឲ្យ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​តែង​តែ​ថ្មី​ជា​និច្ច។​—John Blasé