មានពេលមួយខ្ញុំឮសម្លេងសត្វយំ “ចេប! ចេប!” ខ្ញុំក៏បានងើយទៅលើ ហើយផ្ទៀងត្រចៀកតាមស្តាប់សម្លេងនោះ។ ខ្ញុំក៏បានប្រទះឃើញសត្វតូចមួយនៅលើស៊ុមបង្អួច។ ខ្ញុំក៏បានបើកបង្អួច ហើយក៏បានឃើញបក្សីមួយក្បាល ដែលនៅមានជីវិតនៅឡើយ។ ខ្ញុំមានការអាណិតវា ហើយចង់ជួយសត្វស្លាបដ៏ទន់ខ្សោយនេះណាស់។
ក្នុងបទគម្ពីរម៉ាថាយ ជំពូក ១០ ព្រះយេស៊ូវបានពិពណ៌នាថា ព្រះវរបិតាទ្រង់បានយកព្រះទ័យទុកដាក់ ចំពោះសត្វចាប ដើម្បីកម្សាន្តចិត្តពួកសាវ័ក ខណៈពេលដែលព្រះអង្គដាស់តឿនពួកគេ អំពីគ្រោះថ្នាក់ ដែលនឹងមកដល់។ ព្រះអង្គបានមានបន្ទូលណែនាំដល់ពួកសាវ័កទាំង១២ ខណៈពេលដែលព្រះអង្គ “ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច ហើយនិងមើលគ្រប់ទាំងជំងឺរោគា និងជរាពិការទាំងអស់ឲ្យបានជាផង”(ខ.១)។ អំណាចនៅក្នុងការធ្វើកិច្ចការនោះ ហាក់ដូចជា អស្ចារ្យសម្រាប់ពួកសាវ័ក តែមនុស្សជាច្រើនបានប្រឆាំងពួកគេ ដោយបូករួមទាំងពួកអាជ្ញាធរ ក្រុមគ្រួសាររបស់ពួកគេ និងអន្ទាក់របស់វិញ្ញាណអាក្រក់(ខ.១៦-២៨)។
បន្ទាប់មក ក្នុងជំពូក ១០:២៩-៣១ ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច ចំពោះការអ្វីដែលពួកគេជួបប្រទះ ព្រោះព្រះវរបិតាតែងតែយកព្រះទ័យទុកដាក់ចំពោះពួកគេជានិច្ច។ គឺដូចដែលព្រះអង្គបានសួរពួកគេថា “តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន”។
ខ្ញុំក៏បានត្រឡប់មកមើលសត្វបក្សីនោះជាញឹកញាប់ ក្នុងថ្ងៃនោះ ឃើញវានៅមានជីវិត តែមិនកំរើក។ បន្ទាប់មក នៅពេលល្ងាច វាក៏បានហើរទៅបាត់។ ខ្ញុំបានអធិស្ឋានសូមឲ្យវានៅមានជីវិត។ ជាការពិតណាស់ បើខ្ញុំមានការយកចិត្តទុកដាក់យ៉ាងនេះ ចំពោះសត្វបក្សី នោះព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះខ្ញុំជាងនេះទៀត។ សូមយើងស្រមៃថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងខ្លាំងប៉ុណ្ណា!—Elisa Morgan