វេជ្ជបណ្ឌិត​បាន​ប្រាប់​អ្នក​ស្រី​រេបិកា(Rebecca) និង​លោក​រូសស៊ែល(Russell)​ថា ពួក​គេ​មិន​អាច​មាន​កូន​ឡើយ។ ប៉ុន្តែ ព្រះ​ទ្រង់​មាន​គំនិត​ខុស​ពី​នេះ ហើយ​១០​ឆ្នាំ​ក្រោយ​មក អ្នក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។​ គរ៌​របស់​នាង​មាន​សុខ​ភាព​ល្អ​ទេ ហើយ​ពេល​ដែល​ស្បូន​ចាប់​ផ្តើម​កន្រ្តាក់ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ក៏​បាន​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ដោយ​ចិត្ត​រំភើប​រីក​រាយ។ ប៉ុន្តែ ការ​ឆ្លង​ទន្លេ​ក៏​បាន​អូស​បន្លាយ​ពេល​កាន់​តែ​យូរ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​រូប​កាយ​របស់​អ្នក​ស្រី​រេបិកា​នៅ​តែ​មិន​អាច​សម្រាល​បុត្រ​បាន។​ ទីបំផុត គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​គាត់ ឲ្យ​សម្រាល​បុត្រ ដោយ​ការ​វះ​កាត់។ ដោយ​ការ​ភ័យ​ខ្លាច អ្នក​ស្រី​រេបិការ​យំ​ខ្សឹកខ្សួល​សម្រាប់​កូន និង​ខ្លួន​ឯង។ គ្រូ​ពេទ្យ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​ស្រទន់​ថា “ខ្ញុំ​នឹង​ខិត​ខំ​អស់​ពី​លទ្ធ​ភាព តែ​យើង​ត្រូវ​តែ​អធិស្ឋាន​ដល់​ព្រះ ព្រោះ​ព្រះ​អង្គ​អាច​ធ្វើ​លើស​ខ្ញុំ​ទៀត”។ គ្រូ​ពេទ្យ​ក៏​បាន​អធិស្ឋាន​ជា​មួយ​អ្នក​ស្រី​រេបិកា ហើយ​១៥​នាទី​ក្រោយ​មក ប្រ៊ូស(Bruce) ក៏​បាន​ចាប់​កំណើត​ជា​ទារក ដែល​មាន​សុខ​ភាព​ល្អ។​

គ្រូ​ពេទ្យ​ដឹង​ថា គាត់​ត្រូវ​ពឹង​ផ្អែក​លើ​អំណាច​ចេស្តា​ព្រះ។ គាត់​ទទួល​ស្គាល់​ថា ទោះ​គាត់​មាន​ការ​ហ្វឹក​ហាត់ និង​ជំនាញ​ក្នុង​ការ​វះ​កាត់​ក៏​ដោយ ក៏​គាត់​នៅ​តែ​ត្រូវ​ការ​ប្រាជ្ញា កម្លាំង និង​ជំនួយ​មក​ពី​ព្រះ នាំ​ដៃ​គាត់​ឲ្យ​វះ​កាត់​ដោយ​ជោគ​ជ័យ​(ទំនុក​ដំកើង ១២១:១-២)។

យើង​មាន​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​បាន​ឮ អំពី​មនុស្ស​ដែល​ស្ទាត់​ជំនាញ ឬ​នរណា​ម្នាក់ ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ការ​ព្រះ​អង្គ ព្រោះ​តាម​ពិត យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ព្រះ​អង្គ។ ព្រះ​អង្គ​ជា​ព្រះ យើង​មិន​មែន​ជា​ព្រះ​ទេ។ មាន​តែ​ព្រះ​អង្គ​ទេ ដែល ​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី (អេភេសូរ ៣:២០)។ ចូរ​យើង​មាន​ចិត្ត​ដែល​បន្ទាប​ចុះ ដើម្បី​រៀន​សូត្រ​ពី​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន “ព្រោះ​ព្រះ​អង្គ​អាច​ធ្វើ​ការ​អ្វី” ដែល​យើង​មិន​អាច​ធ្វើ​បាន ។—Anne Cetas