មាន​ពេល​មួយ​ខ្ញុំ​ឮ​សម្លេង​សត្វ​យំ “ចេប! ចេប!” ខ្ញុំ​ក៏​បាន​ងើយ​ទៅ​លើ ហើយ​ផ្ទៀង​ត្រចៀក​តាម​ស្តាប់​សម្លេង​នោះ។ ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​សត្វ​តូច​មួយ​នៅ​លើ​ស៊ុម​បង្អួច។ ខ្ញុំ​ក៏​បាន​បើក​បង្អួច ហើយ​ក៏​បាន​ឃើញ​បក្សី​មួយ​ក្បាល ដែល​នៅ​មាន​ជីវិត​នៅ​ឡើយ។ ខ្ញុំ​មាន​ការ​អាណិត​វា ហើយ​ចង់​ជួយ​សត្វ​ស្លាប​ដ៏​ទន់​ខ្សោយ​នេះ​ណាស់។​

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក ១០ ព្រះ​យេស៊ូវ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​សត្វ​ចាប ដើម្បី​កម្សាន្ត​ចិត្ត​ពួក​សាវ័ក ខណៈ​ពេល​ដែល​ព្រះ​អង្គ​ដាស់​តឿន​ពួក​គេ អំពី​គ្រោះ​ថ្នាក់ ដែល​នឹង​មក​ដល់។ ព្រះអង្គ​បាន​មាន​បន្ទូល​ណែនាំ​ដល់​ពួក​សាវ័ក​ទាំង​១២ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ “​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស​អសោច ហើយ​និង​មើល​គ្រប់​ទាំង​ជំងឺរោគា និង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង”(ខ.១)។ អំណាច​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​នោះ ហាក់​ដូច​ជា អស្ចារ្យ​សម្រាប់​ពួក​សាវ័ក តែ​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​ពួក​គេ ដោយ​បូក​រួម​ទាំង​ពួក​អាជ្ញាធរ ក្រុម​គ្រួសារ​របស់​ពួក​គេ និង​អន្ទាក់​របស់​វិញ្ញាណ​អាក្រក់​(ខ.១៦-២៨)។

បន្ទាប់​មក ក្នុង​ជំពូក ១០:២៩-៣១​ ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​ពួក​គេ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ការ​អ្វី​ដែល​ពួក​គេ​ជួប​ប្រទះ ព្រោះ​ព្រះ​វរបិតា​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ​ជា​និច្ច។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សួរ​ពួក​គេ​ថា “តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន”។

ខ្ញុំ​ក៏​បាន​ត្រឡប់​មក​មើល​សត្វ​បក្សី​នោះ​ជា​ញឹក​ញាប់ ក្នុង​ថ្ងៃ​នោះ ឃើញ​វា​នៅ​មាន​ជីវិត តែ​មិន​កំរើក។ បន្ទាប់​មក នៅ​ពេល​ល្ងាច វា​ក៏​បាន​ហើរ​ទៅ​បាត់។ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​វា​នៅ​មាន​ជីវិត។ ជា​ការ​ពិត​ណាស់ បើ​ខ្ញុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​នេះ ចំពោះ​សត្វ​បក្សី នោះ​ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ខ្ញុំ​ជាង​នេះ​ទៀត។ សូម​យើង​ស្រមៃ​​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ខ្លាំង​ប៉ុណ្ណា!—Elisa Morgan