ក្នុង​វគ្គ​ជម្រុះ នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក ក្នុង​ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ ក្រុម​អាមេរិក ប្រកួត​នឹង​ក្រុប​ទ្រីនីដាត និង​តូបាហ្កូ ក្រុម​អ្ន​ក​ប្រយុទ្ធ​សូកា ក៏​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​បាន​ប្រកួត​ឈ្នះ​ក្រុម​បុរស​ជម្រើស​ជាតិ​របស់​អាមេរិក ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ក្រុម​ខ្លួន ដល់​ទៅ​៥៦​ចំណាត់​ថ្នាក់។​ ការ​ប្រកួត​ឈ្នះ ដោយ​ពិន្ទុ ២-១ បាន​ធ្វើ​ឲ្យ​ក្រុម​អាមេរិក​ត្រូវ​គេ​ដក​ចេញ​ពី​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៨។​

គេ​មិន​នឹក​ស្មាន​ថា ក្រុម​ទ្រីនីដាត និង​ថូបាហ្កូ​អាច​ប្រកួត​ឈ្នះ​ក្រុម​អាមេរិក​នោះ​ទេ មូល​ហេតុ គឺ​ដោយ​សារ​គេ​គិត​ថា អាមេរិក​មាន​ប្រជា​ជន និង​ធនធាន​ច្រើន​ជាង​ប្រទេស​ដ៏​តូច​មួយ​នេះ នៅ​តំបន់​ខារីបីន។ ប៉ុន្តែ ការ​ដែល​ក្រុម​អាមេរិក​ហាក់​ដូច​ជា​មាន​ប្រៀប​ជាង​យ៉ាង​ដូច​នេះ គឺ​មិន​គ្រប់​គ្រាន់​ល្មម​នឹង​អាច​ឈ្នះ​ក្រុម​អ្នក​ប្រយុទ្ធ​សូកា​ដ៏​ឆេះ​ឆួល​នោះ​ឡើយ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​គេឌាន និង​សាសន៍​ម៉ាឌាន ដែល​និយាយ​អំពី​ជ័យ​ជម្នះ​ស្រដៀង​នេះ​ផង​ដែរ ដោយ​ក្រុម​តូច ឈ្នះ​ក្រុម​ធំ​ជាង។ តាម​ពិត កង​ទ័ព​អ៊ីស្រាអែល មាន​អ្នក​ប្រយុទ្ធ​៣​ម៉ឺន​នាក់ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ដែល​ត្រូវ​ទៅ​ប្រយុទ្ធ ឲ្យ​នៅ​សល់​តែ​៣​រយ​នាក់​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​នេះ​ដឹង​ថា ជ័យ​ជម្នះ​របស់​ពួក​គេ គឺ​បាន​មក​ពី​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ  មិន​មែន​ដោយសារ​ទំហំ​នៃ​កង​ទ័ព បរិមាណ​ទឹក​ប្រាក់​នៅ​ក្នុង​ឃ្លាំង ឬ​ជំនាញ​របស់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​នោះ​ទេ(ពួកចៅហ្វាយ ៧:១-៨)។​

យើង​អាច​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ការ​អ្វី ដែល​យើង​អាច​មើល​ឃើញ ឬ​អាច​វាស់​ដោយ​ផ្ទាល់ ប៉ុន្តែ ផ្លូវ​នៃ​សេចក្តី​ជំនឿ​មិន​ដូច្នោះ​ឡើយ។ ការ​ពឹង​ផ្អែក​លើ​ព្រះ​ច្រើន​តែ​មាន​ការ​ពិបាក ប៉ុន្តែ ពេល​ណា​យើង​ស្ម័គ្រ​ចិត្ត​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដើម្បី “មាន​ភាព​រឹង​មាំ​ក្នុង​ព្រះ​អម្ចាស់ និង​អំណាច​ចេស្តា​ព្រះ​អង្គ”(អេភេសូរ ៦:១០) យើង​អាច​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​របស់​យើង ដោយ​ចិត្ត​ក្លាហាន និង​ទំនុក​ចិត្ត សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ពិបាក​ពេក និង​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក៏​ដោយ។ ព្រះ​វត្ត​មាន និង​អំណាច​ចេស្តា​ព្រះ​អង្គ អាច​ធ្វើ​ការ​ដ៏​អស្ចារ្យ នៅ​ក្នុង និង​តាម​រយៈ​យើង។​—Lisa M. Samra