ក្នុងវគ្គជម្រុះ នៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ក្នុងឆ្នាំ២០១៧ ដែលក្នុងនោះ ក្រុមអាមេរិក ប្រកួតនឹងក្រុបទ្រីនីដាត និងតូបាហ្កូ ក្រុមអ្នកប្រយុទ្ធសូកា ក៏បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយបានប្រកួតឈ្នះក្រុមបុរសជម្រើសជាតិរបស់អាមេរិក ជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមខ្លួន ដល់ទៅ៥៦ចំណាត់ថ្នាក់។ ការប្រកួតឈ្នះ ដោយពិន្ទុ ២-១ បានធ្វើឲ្យក្រុមអាមេរិកត្រូវគេដកចេញពីការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០១៨។
គេមិននឹកស្មានថា ក្រុមទ្រីនីដាត និងថូបាហ្កូអាចប្រកួតឈ្នះក្រុមអាមេរិកនោះទេ មូលហេតុ គឺដោយសារគេគិតថា អាមេរិកមានប្រជាជន និងធនធានច្រើនជាងប្រទេសដ៏តូចមួយនេះ នៅតំបន់ខារីបីន។ ប៉ុន្តែ ការដែលក្រុមអាមេរិកហាក់ដូចជាមានប្រៀបជាងយ៉ាងដូចនេះ គឺមិនគ្រប់គ្រាន់ល្មមនឹងអាចឈ្នះក្រុមអ្នកប្រយុទ្ធសូកាដ៏ឆេះឆួលនោះឡើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់លោកគេឌាន និងសាសន៍ម៉ាឌាន ដែលនិយាយអំពីជ័យជម្នះស្រដៀងនេះផងដែរ ដោយក្រុមតូច ឈ្នះក្រុមធំជាង។ តាមពិត កងទ័ពអ៊ីស្រាអែល មានអ្នកប្រយុទ្ធ៣ម៉ឺននាក់ ប៉ុន្តែ ព្រះអម្ចាស់បានកាត់បន្ថយចំនួនអ្នកដែលត្រូវទៅប្រយុទ្ធ ឲ្យនៅសល់តែ៣រយនាក់ប៉ុណ្ណោះ ដើម្បីឲ្យជាតិសាសន៍នេះដឹងថា ជ័យជម្នះរបស់ពួកគេ គឺបានមកពីការពឹងផ្អែកទៅលើព្រះ មិនមែនដោយសារទំហំនៃកងទ័ព បរិមាណទឹកប្រាក់នៅក្នុងឃ្លាំង ឬជំនាញរបស់អ្នកដឹកនាំរបស់ពួកគេនោះទេ(ពួកចៅហ្វាយ ៧:១-៨)។
យើងអាចជួបការល្បួង ដែលនាំឲ្យយើងទុកចិត្តលើការអ្វី ដែលយើងអាចមើលឃើញ ឬអាចវាស់ដោយផ្ទាល់ ប៉ុន្តែ ផ្លូវនៃសេចក្តីជំនឿមិនដូច្នោះឡើយ។ ការពឹងផ្អែកលើព្រះច្រើនតែមានការពិបាក ប៉ុន្តែ ពេលណាយើងស្ម័គ្រចិត្តពឹងផ្អែកលើព្រះអង្គ ដើម្បី “មានភាពរឹងមាំក្នុងព្រះអម្ចាស់ និងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០) យើងអាចចូលទៅក្នុងស្ថានភាពរបស់យើង ដោយចិត្តក្លាហាន និងទំនុកចិត្ត សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថា ពិបាកពេក និងមិនមានលក្ខណៈគ្រប់គ្រាន់ក៏ដោយ។ ព្រះវត្តមាន និងអំណាចចេស្តាព្រះអង្គ អាចធ្វើការដ៏អស្ចារ្យ នៅក្នុង និងតាមរយៈយើង។—Lisa M. Samra