រឿងដែលមានចំណងជើងថា ទឹកទន្លេដែលហូរកាត់ ដែលលោកន័រមិន មែកឃ្លីន(Norman Maclean) បាននិពន្ធ និយាយអំពីក្មេងប្រុសពីរនាក់ ដែលកំពុងចម្រើនវ័យធំឡើង ក្នុងភាគខាងលិចនៃរដ្ឋមុនតាណា ជាមួយឪពុករបស់ពួកគេ ដែលជាគ្រូគង្វាលនៃព្រះវិហារសភាភិបាល។ នៅពេលព្រឹកថ្ងៃអាទិត្យ លោកន័រមិន និងប្អូនប្រុសគាត់ ឈ្មោះ ប៉ុល(Paul) បានទៅ ព្រះ វិហារ ហើយពួកគេក៏បានស្តាប់ឪពុករបស់ពួកគេអធិប្បាយព្រះបន្ទូល។ នៅពេលល្ងាច ឪពុករបស់ពួកគេត្រូវអធិប្បាយព្រះបន្ទូល ក្នុងកម្មវិធីថ្វាយបង្គំពេលល្ងាច។ ប៉ុន្តែ មុនពេលនោះមកដល់ ពួកគេអាចដើរកម្សាន្តជាមួយឪពុករបស់ពួកគេ កាត់តាមភ្នំ និងទឹកស្ទឹង ខណៈពេលដែលគាត់កំពុងសម្រាកលំហែ នៅចន្លោះពេល នៃកម្មវិធីថ្វាយបង្គំទាំងពីរលើក។ ឪពុករបស់ពួកគេមានបំណង ចង់ឲ្យវិញ្ញាណគាត់មានពេញដោយកម្លាំងឡើងវិញ សម្រាប់ការអធិប្បាយព្រះបន្ទូលនៅពេលល្ងាចនោះ។
ក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងមូល គេបានឃើញព្រះយេស៊ូវបង្រៀនពួកបណ្តាជន នៅតាមជើងភ្នំ និងទីក្រុង និងប្រោសអ្នកមានជំងឺ ដែលគេបាននាំមកឯព្រះអង្គ។ កិច្ចការដែលព្រះអង្គបានធ្វើនេះ គឺស្របទៅតាមបេសកកម្មរបស់កូនមនុស្ស ដែលយាងមក ដើម្បី “ស្វែងរក និងសង្គ្រោះមនុស្សបាត់បង់”(លូកា ១៩:១០)។ ប៉ុន្តែ គេក៏បានកត់សំគាល់ឃើញថា ជាញឹកញាប់ “ព្រះអង្គយាងទៅកន្លែងស្ងាត់ម្នាក់ឯង”(៥:១៦)។ ព្រះអង្គបានចំណាយពេលនៅទីនោះ ដើម្បីប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ដោយទទួលកម្លាំងជាថ្មី ពេញលេញឡើងវិញ មុននឹងបន្តបេសកកម្មទៀត។
ពេលដែលយើងខិតខំបម្រើ ដោយចិត្តស្មោះត្រង់ យើងចំាបាច់ត្រូវចាំថា ព្រះយេស៊ូវច្រើនតែយាងទៅកន្លែងស្ងប់ស្ងាត់ ជាញឹកញាប់។ បើការអនុវត្តន៍ដូចនេះ សំខាន់ចំពោះព្រះយេស៊ូវ តើវាសំខាន់ចំពោះយើងជាងអម្បាលម៉ានទៀត? ចូរយើងចំណាយពេលជាទៀងទាត់ ជាមួយព្រះវរបិតានៃយើង ដែលអាចបំពេញកម្លាំងយើង យ៉ាងហូរហៀរ។—John Blasé