តើ​អ្នក​គិត​ថា សត្វ​ដាយណូស័រ​មាន​រូបរាង្គ​ដូចម្តេច កាល​ពួក​វា​មិន​ទាន់​ផុត​ពូជ? មាន​ធ្មេញ​ធំ​ៗ? មាន​ស្រកា​ពេញ​ខ្លួន? មាន​កន្ទុយ​វែង​ៗឬ?​ វិចិត្រករ​ឈ្មោះ ឃែរិន ខារ(Karen Carr) បាន​គូ​រូប​សត្វ​ដែល​បាន​ផុត​ពូជ​ទាំង​នេះ នៅ​លើ​ជញ្ជាំង​ធំ​ៗ។ ក្នុង​ចំណោម​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​របស់​គាត់ មាន​រូប​មួយ​ផ្ទាំង មាន​កម្ពស់ ៦ម៉ែត្រ និង​ប្រវែង​ជិត​២០​ម៉ែត្រ។ ដោយសារ​រូប​នេះ​មាន​ទំហំ​ធំ នោះ​គេ​ត្រូវ​ការ​អ្នក​ជំនាញ​មួយ​ក្រុម ដើម្បី​ផ្គុំ​បំបែក​រូប​នោះ​ចូល​គ្នា នៅ​សារៈ​មន្ទីរ​ប្រវត្តិ​សាស្រ្ត​ធម្មជាតិ ក្នុង​តំបន់​ស៊ែម ណូប៊ល អូក្លាហូម៉ា។

រូប​ដាយណូស័រ​នៅ​លើ​ជញ្ជាំង​នោះ​ធំ​ណាស់ បាន​ជា​អ្នក​ដែល​ឈរ​ចំ​ពី​មុខ​វា មាន​អារម្មណ៍​ថា ពួក​គេ​មាន​រូបរាង្គ​តូច​ល្អិត​ណាស់។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ស្រដៀង​នេះ​ផង​ដែរ ពេល​ដែល​ខ្ញុំ​បាន​អាន​ការ​ពិពណ៌នា​របស់​ព្រះ អំពី​សត្វ​ដ៏​មាន​អំណាច​មួយ ដែល​ភាសា​ដើម​មាន​ឈ្មោះ​ហៅ​ថា “ប៊ីហ៊ីមុត”(យ៉ូប ៤០:១៥)។​ សត្វ​ដ៏​ធំ​សំបើម​នេះ ស៊ី​ស្មៅ​ដូច​គោ មាន​កន្ទុយ​ធំ​ដូច​ដើម​ឈើ។ ឆ្អឹង​វា​រឹង​មាំ​ដូច​ដែក។ វា​ស៊ី​អាហារ​ដែល​ដុះ​តាម​ភ្នំ វា​ឈប់​សម្រាក​នៅ​ក្រោម​ម្លប់​ឈើ ក្នុង​ព្រៃ​លិច​ទឹក។ ពេល​ដែល​ទឹក​ជន់​ឡើង វា​មិន​ដែល​ភ័យ​ព្រួយ​ឡើយ។​

តើ​នរណា​អាច​ផ្សាំង​សត្វ​ដ៏​អស្ចារ្យ​នេះ​បាន ក្រៅ​ពី​ព្រះ​ដែល​បាន​បង្កើត​វា​មក​(ខ.១៩)។ ត្រង់​ចំណុច​នេះ ព្រះ​ទ្រង់​បាន​រំឭក​លោក​យ៉ូប អំពី​សេចក្តី​ពិត​នេះ ក្នុង​អំឡុង​ពេល​ដែល​បញ្ហា​របស់​គាត់ បាន​គ្រប​ដណ្តប់​ជីវិត​គាត់។ ការ​សោក​សង្រេង ការ​ភ័ន្ត​ភាំង និង​ភាព​នឿយ​ណាយ បាន​ធ្វើ​ឲ្យ​ការ​គិត​របស់​គាត់​មាន​ភាព​ស្រពិចស្រពិល ទាល់​តែ​គាត់​បាន​ទូល​សួរ​ព្រះ។ ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ​បាន​ជួយ​គាត់ ឲ្យ​ដឹង​អំពី​ទំហំ​ពិត​ប្រាកដ នៃ​បញ្ហា​របស់​គាត់។ ព្រះ​ទ្រង់​ធំ​ជាង​បញ្ហា​របស់​គាត់ ហើយ​មាន​អំណាច​ខ្លាំង​ល្មម​នឹង​អាច​ដោះ​ស្រាយ​បញ្ហា ដែល​លោក​យ៉ូប​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន។​ នៅ​ទី​បំផុត លោក​យ៉ូប​ក៏​បាន​ទទួល​ស្គាល់​ថា គ្មាន​ការ​អ្វី​ដែល​ព្រះ​អង្គ​មិន​អាច​ធ្វើ​កើត​នោះ​ទេ(៤២:២)។—Jennifer Benson Schuldt