ក្នុងអំឡុងកម្មវិធីទូរទស្សន៍ស្តីអំពីការកែលម្អផ្ទះ ជាញឹកញាប់ ទស្សនិកជនច្រើនតែបានឮពិធីករនិយាយថា “សូមស្រមៃថា!”។ បន្ទាប់មក គាត់ក៏បានបង្ហាញអំពីការផ្លាស់ប្តូរ នៅពេលដែលរបស់ចាស់ៗត្រូវគេស្តាឡើងវិញ ហើយជញ្ជាំង និងរនាបត្រូវបានគេលាបថ្នាំ ឬដាក់ពណ៌ថ្មី។ នៅក្នុងវគ្គមួយនោះ បន្ទាប់ពីការកែលម្អផ្ទះហើយ ម្ចាស់ផ្ទះមានចិត្តសប្បាយរីករាយណាស់ បានជាគាត់ពោលសរសើរបីដងថា “ផ្ទះខ្ញុំពិតជាស្អាតណាស់!” ។
សូមយើងស្រមៃអំពីការផ្លាស់ប្តូរដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀត ក្នុងកណ្ឌគម្ពីរអេសាយ ៦៥:១៧-២៥។ បទគម្ពីរនេះនិយាយអំពីការបង្កើតឡើងវិញដ៏អស្ចារ្យ! គឺជាការផ្លាស់ប្តូររបស់ផ្ទៃមេឃ និងផែនដី នៅពេលអនាគត(ខ.១៧) គឺមិនមែនតែសម្បកក្រៅប៉ុណ្ណោះឡើយ។ ជាការផ្លាស់ប្តូរស៊ីជម្រៅ និងពិតប្រាកដ ដែលនាំឲ្យផ្លាស់ប្តូរ និងរក្សាជីវិត។ “គ្រានោះមនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ”(ខ.២១)។ អំពើហិង្សានឹងលែងមានទៀត ព្រោះគេនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់ព្រះអង្គទៀតឡើយ(ខ.២៥)។
ការផ្លាស់ប្តូរដែលបានបើកសម្តែង ក្នុងបទគម្ពីរ អេសាយ ជំពូក ៦៥ នឹងក្លាយជាការពិត នៅក្នុងពេលអនាគត ប៉ុន្តែ ព្រះដែលជាអ្នករៀបចំចក្រវាលឲ្យល្អឡើងវិញ កំពុងតែបន្តព្រះរាជកិច្ចកែប្រែជីវិតមនុស្សក្នុងពេលបច្ចុប្បន្ន។ សាវ័កប៉ុលបានបញ្ជាក់ច្បាស់ថា “បើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ តើអ្នកត្រូវការការស្តា ឬស្អាងឡើងវិញពីព្រះអង្គឬទេ? តើជីវិតរបស់អ្នកបានខ្ទេចខ្ទាំ ដោយសារការសង្ស័យ ការមិនស្តាប់បង្គាប់ និងការឈឺចាប់ឬទេ? ជីវិតផ្លាស់ប្តូរតាមរយៈព្រះយេស៊ូវ គឺពិតជាមានមែន ហើយក៏មានសម្រាប់អ្នកដែលទូលសូម និងជឿទ្រង់។—Arthur Jackson