ក្នុង​អំឡុង​កម្ម​វិធី​ទូរទស្សន៍​ស្តី​អំពី​ការ​កែ​លម្អ​ផ្ទះ ជា​ញឹក​ញាប់ ទស្សនិកជន​ច្រើន​តែ​បាន​ឮ​ពិធីករ​និយាយ​ថា “សូម​ស្រមៃ​ថា!”។ បន្ទាប់​មក គាត់​ក៏​បាន​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ នៅ​ពេល​ដែល​របស់​ចាស់​ៗ​ត្រូវ​គេ​ស្តា​ឡើង​វិញ ហើយ​ជញ្ជាំង និង​រនាប​ត្រូវ​បាន​គេ​លាប​ថ្នាំ ឬ​ដាក់​ពណ៌​ថ្មី។ នៅ​ក្នុង​វគ្គ​មួយ​នោះ បន្ទាប់​ពី​ការ​កែ​លម្អ​ផ្ទះ​ហើយ ម្ចាស់​ផ្ទះ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ បាន​ជា​គាត់​ពោល​សរសើរ​បី​ដង​ថា “ផ្ទះ​ខ្ញុំ​ពិត​ជា​ស្អាត​ណាស់!” ។​

សូម​យើង​ស្រមៃ​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ៦៥:១៧-២៥។ បទ​គម្ពីរ​នេះ​និយាយ​អំពី​ការ​បង្កើត​ឡើង​វិញ​ដ៏​អស្ចារ្យ! គឺ​ជា​ការ​ផ្លាស់​ប្តូរ​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​ពេល​អនាគត(ខ.១៧) គឺ​មិន​មែន​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ឡើយ។ ជា​ការ​ផ្លាស់​ប្តូរ​ស៊ី​ជម្រៅ និង​ពិត​ប្រាកដ ដែល​នាំ​ឲ្យ​ផ្លាស់​ប្តូរ​ និង​រក្សា​ជីវិត។ “គ្រា​នោះ​មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំងបាយជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ”(ខ.២១)។ អំពើ​ហិង្សា​នឹង​លែង​មាន​ទៀត ព្រោះ​គេ​នឹង​មិន​បៀតបៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​អង្គ​ទៀត​ឡើយ(ខ.២៥)។

ការ​ផ្លាស់​ប្តូរ​ដែល​បាន​បើក​សម្តែង ក្នុង​បទ​គម្ពីរ អេសាយ ជំពូក ៦៥ នឹង​ក្លាយ​ជា​ការ​ពិត នៅ​ក្នុង​ពេល​អនាគត ប៉ុន្តែ ព្រះ​ដែល​ជា​អ្នក​រៀប​ចំ​ចក្រ​វាល​ឲ្យ​ល្អ​ឡើង​វិញ កំពុង​តែ​បន្ត​ព្រះ​រាជ​កិច្ច​កែ​ប្រែ​ជីវិត​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន។ សាវ័ក​ប៉ុល​បាន​បញ្ជាក់​ច្បាស់​ថា “​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ តើ​អ្នក​ត្រូវ​ការ​ការ​ស្តា ឬ​ស្អាង​ឡើង​វិញ​ពី​ព្រះ​អង្គ​ឬ​ទេ? តើ​ជីវិត​របស់​អ្នក​បាន​ខ្ទេច​ខ្ទាំ ដោយសារ​ការ​សង្ស័យ ការ​មិន​ស្តាប់​បង្គាប់ និង​ការ​ឈឺ​ចាប់​ឬ​ទេ? ជីវិត​ផ្លាស់​ប្តូរ​តាម​រយៈ​ព្រះ​យេស៊ូវ គឺ​ពិត​ជា​មាន​មែន ហើយ​ក៏​មាន​សម្រាប់​អ្នក​ដែល​ទូល​សូម និង​ជឿ​ទ្រង់។​—Arthur Jackson