កាល​អ្នក​និពន្ធ និង​អ្នក​ផ្សាយ​ដំណឹង​ល្អ​ឈ្មោះ បេគី ភីភើត(Becky Pippert) រស់​នៅ​ក្នុង​ប្រទេស​អៀរឡង់ គាត់​ចង់​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ ដល់​អ្នក​ស្រី​ហ៊ីធ័រ(Heather) ដែល​ជា​អ្នក​ធ្វើ​ក្រចក​ឲ្យ​គាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ អ្នក​ស្រី​ហ៊ីធ័រ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍។ បេគី​មាន​អារម្មណ៍​ថា​ គាត់​មិន​អាច​ចាប់​ផ្តើម​ការ​សន្ទនា​បាន ដូច​នេះ​គាត់​ក៏​បាន​អធិស្ឋាន ​មុន​ពេល​ការ​ណាត់​ជួប។

ពេល​ដែល​អ្នក​ស្រី​ហ៊ីធ័រ​កំពុង​តែ​ធ្វើ​ក្រចក បេគី​ក៏​បាន​បើក​ទស្សនាវដី្ត​ចាស់​មួយ​ក្បាល​មើល ហើយ​ក៏​បាន​ឈប់​បើក​ទំព័រ​បន្ទាប់​ទៀត ពេល​គាត់​ឃើញ​រូប​អ្នក​បង្ហាញ​ម៉ូត​ម្នាក់ ក្នុង​សៀវភៅ​នោះ។ ពេល​ដែល​អ្នក​ស្រី​ហ៊ីធ័រ​សួរ​ថា ហេតុ​អ្វី​គាត់​ជក់​ចិត្ត​នឹង​ទំព័រ​ហ្នឹង​ម្ល៉េះ គាត់​ក៏​បាន​ប្រាប់​អ្នក​ស្រី​ហ៊ីធ័រ​ថា មនុស្ស​ក្នុង​រូប​នោះ​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​គាត់ ដែល​កាល​ពី​មុន​ ជា​អ្នក​បង្ហាញ​ម៉ូត​ដ៏​ពេញ​និយម។ បេគី​ក៏​បាន​ចែក​ចាយ​ទី​បន្ទាល់​ខ្លះ​ៗ​ របស់​មិត្ត​ភក្តិ​គាត់​ម្នាក់​នោះ ហើយ​អ្នក​ស្រី​ហ៊ីធ័រ​ក៏​បាន​ស្តាប់​គាត់​ចែក​ចាយ ដោយ​យក​ចិត្ត​ទុក​ដាក់។​

បេគី​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ហើយ​ក្រោយ​មក ពេល​គាត់​ត្រឡប់​មក​ប្រទេស​អៀរឡង់​វិញ គាត់​ក៏​បាន​ដឹង​ថា អ្នក​ស្រី​ហ៊ីធ័រ​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​តំបន់​ថ្មី​ហើយ។ បេគីក៏​បាន​នឹក​ចាំ​ថា គាត់​បាន​ទូល​សូម​ព្រះ​ ប្រទាន​ឲ្យ​គាត់​មាន​ឱកាស​ផ្សាយ​ដំណឹងល្អ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រទាន​ឱកាស​នោះ។​

បេគី​ងាក​ទៅ​រក​ព្រះ ដើម្បី​ស្វែង​រក​ជំនួយ ក្នុង​ភាព​កម្សោយ​របស់​គាត់ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​របស់​សាវ័ក​ប៉ុល។ ពេល​ដែល​សាវ័ក​ប៉ុល​មាន​ភាព​កម្សោយ ហើយ​ទូល​អង្វរ​ឲ្យ​ព្រះ​ទ្រង់​ដក​បន្លា​ចេញ​ពី​សាច់​របស់​គាត់​ ព្រះ​អម្ចាស់​មាន​បន្ទូល​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កម្សោយ”(២កូរិនថូស ១២:៩)។ សាវ័ក​ប៉ុល​បាន​រៀន​ពឹង​ផ្អែក​លើ​ព្រះ ក្នុង​គ្រប់​ការ​ទាំង​អស់ ទាំង​ការ​តូច និង​ការ​ធំ។

ពេល​ណា​យើង​ពឹង​ផ្អែក​លើ​ព្រះ ដើម្បី​ជួយ​យើង​ឲ្យ​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​យើង យើង​ក៏​នឹង​រក​ឃើញ​ឱកាស​ផ្សាយ​ជំនឿ​របស់​យើង យ៉ាង​ពិត​ប្រាកដ។​—Amy Boucher Pye