កាលអ្នកនិពន្ធ និងអ្នកផ្សាយដំណឹងល្អឈ្មោះ បេគី ភីភើត(Becky Pippert) រស់នៅក្នុងប្រទេសអៀរឡង់ គាត់ចង់ផ្សាយដំណឹងល្អនៃព្រះយេស៊ូវ ដល់អ្នកស្រីហ៊ីធ័រ(Heather) ដែលជាអ្នកធ្វើក្រចកឲ្យគាត់អស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ អ្នកស្រីហ៊ីធ័រហាក់ដូចជាមិនចាប់អារម្មណ៍។ បេគីមានអារម្មណ៍ថា គាត់មិនអាចចាប់ផ្តើមការសន្ទនាបាន ដូចនេះគាត់ក៏បានអធិស្ឋាន មុនពេលការណាត់ជួប។
ពេលដែលអ្នកស្រីហ៊ីធ័រកំពុងតែធ្វើក្រចក បេគីក៏បានបើកទស្សនាវដី្តចាស់មួយក្បាលមើល ហើយក៏បានឈប់បើកទំព័របន្ទាប់ទៀត ពេលគាត់ឃើញរូបអ្នកបង្ហាញម៉ូតម្នាក់ ក្នុងសៀវភៅនោះ។ ពេលដែលអ្នកស្រីហ៊ីធ័រសួរថា ហេតុអ្វីគាត់ជក់ចិត្តនឹងទំព័រហ្នឹងម្ល៉េះ គាត់ក៏បានប្រាប់អ្នកស្រីហ៊ីធ័រថា មនុស្សក្នុងរូបនោះជាមិត្តភក្តិជិតស្និទ្ធរបស់គាត់ ដែលកាលពីមុន ជាអ្នកបង្ហាញម៉ូតដ៏ពេញនិយម។ បេគីក៏បានចែកចាយទីបន្ទាល់ខ្លះៗ របស់មិត្តភក្តិគាត់ម្នាក់នោះ ហើយអ្នកស្រីហ៊ីធ័រក៏បានស្តាប់គាត់ចែកចាយ ដោយយកចិត្តទុកដាក់។
បេគីក៏បានធ្វើដំណើរទៅក្រៅប្រទេស ហើយក្រោយមក ពេលគាត់ត្រឡប់មកប្រទេសអៀរឡង់វិញ គាត់ក៏បានដឹងថា អ្នកស្រីហ៊ីធ័របានផ្លាស់ទៅរស់នៅក្នុងតំបន់ថ្មីហើយ។ បេគីក៏បាននឹកចាំថា គាត់បានទូលសូមព្រះ ប្រទានឲ្យគាត់មានឱកាសផ្សាយដំណឹងល្អ ហើយព្រះអង្គក៏បានប្រទានឱកាសនោះ។
បេគីងាកទៅរកព្រះ ដើម្បីស្វែងរកជំនួយ ក្នុងភាពកម្សោយរបស់គាត់ តាមរយៈការលើកទឹកចិត្តរបស់សាវ័កប៉ុល។ ពេលដែលសាវ័កប៉ុលមានភាពកម្សោយ ហើយទូលអង្វរឲ្យព្រះទ្រង់ដកបន្លាចេញពីសាច់របស់គាត់ ព្រះអម្ចាស់មានបន្ទូលថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកម្សោយ”(២កូរិនថូស ១២:៩)។ សាវ័កប៉ុលបានរៀនពឹងផ្អែកលើព្រះ ក្នុងគ្រប់ការទាំងអស់ ទាំងការតូច និងការធំ។
ពេលណាយើងពឹងផ្អែកលើព្រះ ដើម្បីជួយយើងឲ្យស្រឡាញ់មនុស្សនៅជុំវិញយើង យើងក៏នឹងរកឃើញឱកាសផ្សាយជំនឿរបស់យើង យ៉ាងពិតប្រាកដ។—Amy Boucher Pye