ខ្ញុំធ្លាប់បានឡើងចែកចាយ ក្នុងសន្និសីទរបស់អ្នកមិនជឿ សម្រាប់ប្តីប្រពន្ធដែលគ្មានកូន។ ពួកគេមានការឈឺចាប់ ដោយសារមិនអាចមានកូន ដូចនេះ អ្នកចូលរួមទាំងនោះ មានការអស់សង្ឃឹម ចំពោះពេលអនាគតរបស់ពួកគេ។ ខ្ញុំធ្លាប់បានដើរតាមផ្លូវនៃអ្នកគ្មានកូនរួចហើយ ដូចនេះ ខ្ញុំក៏បានព្យាយាមលើកទឹកចិត្តពួកគេ។ ខ្ញុំប្រាប់ពួកគេថា “អ្នកអាចមានអត្តសញ្ញាណដ៏មានន័យ ទោះអ្នកបានរស់នៅជាឪពុកម្តាយក៏ដោយ។ ខ្ញុំជឿថា ព្រះបានបង្កើតអ្នកមក យ៉ាងគួរកោត និងគួរអស្ចារ្យ ហើយមានគោលបំណងថ្មីមួយ ដែលអ្នកត្រូវស្វែងរក”។
ក្រោយមក មានស្រ្តីម្នាក់បានដើរមករកខ្ញុំ ទាំងទឹកភ្នែក។ គាត់និយាយថា គាត់អរគុណខ្ញុំ។ គាត់មានអារម្មណ៍ថា គ្មានតម្លៃ ដោយសារគាត់គ្មានកូន ហើយគាត់មានអំណរ ពេលដែលបានឮខ្ញុំនិយាយថា គាត់ត្រូវបានព្រះបង្កើតយើងមកយ៉ាងគួរកោត និងគួរអស្ចារ្យ។ ខ្ញុំក៏សួរគាត់ថា តើគាត់ធ្លាប់ជឿព្រះយេស៊ូវទេ។ គាត់ថា គាត់បានដើរចេញពីព្រះប៉ុន្មានឆ្នាំមុន តែគាត់ត្រូវការការប្រកបទាក់ទងជាមួយព្រះអង្គឡើងវិញ។
ពេលដ៏រំភើបរីករាយនេះ បានធ្វើឲ្យខ្ញុំនឹកចាំថា ដំណឹងល្អមានភាពអស្ចារ្យប៉ុណ្ណា។ អត្តសញ្ញាណជា “ម្តាយ” និង “ឪពុក”គេ គឺជាអ្វីដែលអ្នកខ្លះពិបាកស្វែងរកសម្រាប់ខ្លួនឯង។ អ្នកខ្លះត្រូវគេឲ្យតម្លៃ ដោយផ្អែកទៅលើមុខនាទីក្នុងអាជីពរបស់ខ្លួន តែពួកគេនឹងលែងមានតម្លៃទៀត ពេលដែលបាត់បង់ការងារ។ តែតាមរយៈព្រះយេស៊ូវ យើងក្លាយជា “កូនស្ងួនភ្ងា” ជាអត្តសញ្ញាណមួយ ដែលគ្មាននរណាអាចលួចពីយើងបាន(អេភេសូរ ៥:១)។ ហើយបន្ទាប់មក យើងអាច “ដើរក្នុងផ្លូវនៃក្តីស្រឡាញ់” ជាគោលបំណងនៃជីវិត ដែលមានតម្លៃលើសតួនាទីជាឪពុកម្តាយ ឬមុខតំណែងក្នុងការងារ(ខ.២)។
ព្រះបានបង្កើតមនុស្សទាំងអស់ យ៉ាងគួរកោត និងគួរអស្ចារ្យ(ទំនុកដំកើង ១៣៩:១៤) ហើយអ្នកដើរតាមព្រះយេស៊ូវ ក្លាយជាកូនព្រះ(យ៉ូហាន ១:១២-១៣)។ ពីមុនស្រ្តីនោះអស់សង្ឃឹម តែគាត់ក៏បានចាកចេញពីសន្និសីទវិញ ដោយមានក្តីសង្ឃឹម ដោយបានរកឃើញអត្តសញ្ញាណ និងគោលបំណងដែលធំជាង គោលបំណងដែលលោកិយនេះអាចផ្តល់ឲ្យ។—Sheridan Voysey