ខ្ញុំ​ធ្លាប់​បាន​ឡើង​ចែក​ចាយ ក្នុង​សន្និសីទ​របស់​អ្នក​មិន​ជឿ សម្រាប់​ប្តី​ប្រពន្ធ​ដែល​គ្មាន​កូន​។ ពួកគេ​មាន​ការ​ឈឺ​ចាប់ ដោយសារ​មិន​អាច​មាន​កូន ដូច​នេះ អ្នក​ចូល​រួម​ទាំង​នោះ មាន​ការ​អស់​សង្ឃឹម ចំពោះ​ពេល​អនាគត​របស់​ពួក​គេ។ ខ្ញុំ​ធ្លាប់​បាន​ដើរ​តាម​ផ្លូវ​នៃ​អ្នក​គ្មាន​កូន​រួច​ហើយ ដូចនេះ ខ្ញុំ​ក៏​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ពួក​គេ។ ខ្ញុំ​ប្រាប់​ពួក​គេ​ថា “អ្នក​អាច​មាន​អត្ត​សញ្ញាណ​ដ៏​មាន​ន័យ ទោះ​អ្នក​បាន​រស់​នៅ​ជា​ឪពុក​ម្តាយ​ក៏​ដោយ។ ខ្ញុំ​ជឿ​ថា ព្រះ​បាន​បង្កើត​អ្នក​មក យ៉ាង​គួរ​កោត និង​គួរ​អស្ចារ្យ ហើយ​មាន​គោល​បំណង​ថ្មី​មួយ ដែល​អ្នក​ត្រូវ​ស្វែង​រក”។

ក្រោយ​មក មាន​ស្រ្តី​ម្នាក់​បាន​ដើរ​មក​រក​ខ្ញុំ ទាំង​ទឹក​ភ្នែក។ គាត់​និយាយ​ថា គាត់​អរគុណ​ខ្ញុំ។ គាត់​មាន​អារម្មណ៍​ថា គ្មាន​តម្លៃ ​ដោយសារ​គាត់​គ្មាន​កូន ហើយ​គាត់​មាន​អំណរ ពេល​ដែល​បាន​ឮ​ខ្ញុំ​និយាយ​ថា គាត់​ត្រូវ​បាន​ព្រះ​បង្កើត​យើង​មក​យ៉ាង​គួរ​កោត និង​គួរ​អស្ចារ្យ។ ខ្ញុំ​ក៏​សួរ​គាត់​ថា តើ​គាត់​ធ្លាប់​ជឿ​ព្រះ​យេស៊ូវ​ទេ។ គាត់​ថា គាត់​បាន​ដើរ​ចេញ​ពី​ព្រះ​ប៉ុន្មាន​ឆ្នាំ​មុន តែ​គាត់​ត្រូវ​ការ​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ​ឡើង​វិញ។​

ពេល​ដ៏​រំភើប​រីក​រាយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ដំណឹង​ល្អ​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា។ អត្ត​សញ្ញាណ​ជា “ម្តាយ” និង “ឪពុក”គេ គឺ​ជា​អ្វី​ដែល​អ្នក​ខ្លះ​ពិបាក​ស្វែង​រក​សម្រាប់​ខ្លួន​ឯង។ អ្នក​ខ្លះ​ត្រូវ​គេ​ឲ្យ​តម្លៃ ដោយ​ផ្អែក​ទៅ​លើ​មុខ​នាទី​ក្នុង​អាជីព​របស់​ខ្លួន តែ​ពួក​គេ​នឹង​លែង​មាន​តម្លៃ​ទៀត ពេល​ដែល​បាត់​បង់​ការងារ។ តែ​តាម​រយៈ​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា “កូន​ស្ងួន​ភ្ងា” ជា​អត្ត​សញ្ញាណ​មួយ ដែល​គ្មាន​នរណា​អាច​លួច​ពី​យើង​បាន​(អេភេសូរ ៥:១)។ ហើយ​បន្ទាប់​មក យើង​អាច “ដើរ​ក្នុង​ផ្លូវ​នៃ​ក្តី​ស្រឡាញ់” ជា​គោល​បំណង​នៃ​ជីវិត ដែល​មាន​តម្លៃ​លើស​តួនាទី​ជា​ឪពុក​ម្តាយ ឬ​មុខ​តំណែង​ក្នុង​ការងារ(ខ.២)។

ព្រះ​បាន​បង្កើត​មនុស្ស​ទាំង​អស់ យ៉ាង​គួរ​កោត និង​គួរ​អស្ចារ្យ​(ទំនុកដំកើង ១៣៩:១៤) ហើយ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ក្លាយ​ជា​កូន​ព្រះ​(យ៉ូហាន ១:១២-១៣)។ ពី​មុន​ស្រ្តី​នោះ​អស់​សង្ឃឹម តែ​គាត់​ក៏​បាន​ចាក​ចេញពី​សន្និសីទ​វិញ ដោយ​មាន​ក្តី​សង្ឃឹម ដោយ​បាន​រក​ឃើញ​អត្ត​សញ្ញាណ និង​គោល​បំណង​ដែល​ធំ​ជាង គោល​បំណង​ដែល​លោកិយ​នេះ​អាច​ផ្តល់​ឲ្យ។​—Sheridan Voysey