នៅពេលល្ងាច កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងភរិយារបស់ខ្ញុំកំពុងតែធ្វើដំណើរកាត់តាមភ្នំ ដោយមានមិត្តភក្តិពីរនាក់រួមដំណើរជាមួយ។ ផ្លូវដើរនោះមានលក្ខណៈតូច និងបត់ចុះឡើង តាមជំរាល ដោយមានជ្រោះដ៏សែនចោទនៅម្ខាង ហើយមានជញ្ជាំងភ្នំនៅម្ខាងទៀត។
ខណៈពេលដែលយើងឡើងដល់ផ្លូវបត់ ខ្ញុំក៏ឃើញសត្វខ្លាឃ្មុំធំមួយក្បាលកំពុងដើរត្រេតត្រត គ្រវីក្បាលចុះឡើង ហើយដកដង្ហើមហឹសៗ យ៉ាងស្ងាត់ស្ងៀម។ ដោយសារយើងនៅក្រោមខ្យល់ នោះវាមិនបានធំក្លិនយើង ដែលនៅក្បែរនោះទេ ប៉ុន្តែ មិនយូរទេ វានឹងឃើញយើងហើយ។
មិត្តភក្តិរបស់យើងម្នាក់ចាប់ផ្តើមទំលាក់កាបូបស្ពាយចុះ ដើម្បីបើកយកកាំមីរ៉ាថតរូប។ នាងនិយាយថា “អូហ៍ ខ្ញុំត្រូវតែថតរូបវា!” តែខ្ញុំមានអារម្មណ៍កាន់តែមិនស្រួល ចំពោះស្ថានការណ៍របស់យើង ខ្ញុំក៏និយាយថា “ទេ យើងត្រូវតែចេញពីកន្លែងនេះ”។ ដូចនេះយើងក៏បានដើរបញ្ចៀសឲ្យឆ្ងាយពីវា ទាល់តែយើងបានទៅផុត ហើយក៏បាននាំគ្នារត់តែម្តង។
រឿងនេះបានរំឭកខ្ញុំថា យើងក៏គួរតែមានអារម្មណ៍ដូចនេះផងដែរ ចំពោះចិត្តដែលចង់ក្លាយជាអ្នកមាន។ លុយមិនមែនមានអ្វីអាក្រក់នោះទេ ព្រោះវាគ្រាន់តែជាមធ្យោបាយសម្រាប់ការដោះដូរប៉ុណ្ណោះ។ ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ “នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ”(១ធីម៉ូថេ ៦:៩)។ ការស្រឡាញ់ទ្រព្យសម្បត្តិជាកត្តាជំរុញចិត្តមនុស្ស ឲ្យលោភលន់។
ផ្ទុយទៅវិញ យើងគួរតែ “ដេញតាមសេចក្តីសុចរិត សេចក្តីគោរពប្រតិបត្តិដល់ព្រះ សេចក្តីជំនឿ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួន និងសេចក្តីសំឡូតវិញ”(ខ.១១)។ ចារិកលក្ខណៈនេះលូតលាស់ ក្នុងជីវិតយើង ពេលណាយើងដេញតាមពួកវា ហើយសូមឲ្យព្រះទ្រង់ជួយឲ្យពួកវាចម្រើនឡើង ក្នុងជីវិតយើង។ ការនេះនឹងនាំឲ្យយើងមានភាពស្កប់ចិត្តពិតប្រាកដ និងស្ថិតស្ថេរ ដែលយើងស្វែងរកក្នុងព្រះ។—David H. Roper