នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ដែល​មាន​ចំណង​ជើង​ថា លោក​ម៉ាំង  លោក អេឌ្រាន ម៉ាំង(Adrian Monk) ដែល​ជា​អ្នក​ស៊ើប​អង្កេត និង​ជា​តួឯក ជា​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ម្ជុល ទឹក​ដោះ​គោ ផ្សិត ជណ្តើរ​យន្ត ការ​ឆ្លង​ទន្លេ និង​សត្វ​ឃ្មុំ ក្នុង​ចំណោម​អ្វី​ៗ​ជា​ច្រើន​ទៀត ដែល​គាត់​ភ័យ​ខ្លាច។ ប៉ុន្តែ ពេល​ដែល​គាត់ និង​លោក​ហារ៉ូល គ្រែនស(Harold Krenshaw)​ ដែល​ជា​គូរ​ប្រជែង​ដ៏​យូរ​អង្វែង​របស់​គាត់  បាន​ជាប់​ខ្លួន​ទាំង​អស់​គ្នា នៅ​ក្នុង​គូទ​ឡាន លោក​ម៉ាំង​ក៏​រក​បាន​រក​ឃើញ​ដំណោះ​ស្រាយ​មួយ ដែល​អនុញ្ញាត​ឲ្យ​គាត់​អាច​ជម្នះ​ការ​ភ័យ​ខ្លាច​មួយ ក្នុង​ចំណោម​ការ​ភ័យ​ខ្លាច​ដ៏​ច្រើន​សន្ធឹក​របស់​គាត់ គឺ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ជាប់​ឃុំ​ក្នុង​កន្លែង​បិទ​ជិត។​

ខណៈ​ពេល​ដែល​លោក​ម៉ាំង និង​លោក​ហារ៉ូល​កំពុង​តែ​មាន​អារម្មណ៍​តក់ស្លុត លោក​ម៉ាំង​ក៏​បាន​ប្រាប់​លោក​ហារ៉ូល​ថា “ខ្ញុំ​គិត​ថា យើង​កំពុង​តែ​គិត​ខុស ចំពោះ​បញ្ហា​នេះ​ហើយ។ គូទ​ឡាន​នេះ​មាន​ជញ្ជាំង​ជុំ​ជិត … វា​មិន​បាន​ឃុំឃាំង​យើង​ទេ … តែ​កំពុង​តែ​ការពារ​យើង​ទេ​តើ។ វា​ការពារ​មិន​ឲ្យ​មេរោគ សត្វ​ពស់ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​ខ្លាច​ចូល​មក​រក​យើង​បាន”។ លោក​ហារ៉ូល​ក៏​បាន​បើក​ភ្នែក​ធំ​ៗ ដោយ​យល់​អំពី​អ្វី​ដែល​គាត់​និយាយ ហើយ​ក៏​បាន​និយាយ​ខ្សឹប​ៗ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “តាមពិត គូទ​ឡាន​នេះ ជា​មិត្ត​ភក្តិ​របស់​យើង​ទេ​តើ”។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៦៣ ស្តេច​ដាវីឌ​ហាក់​ដូច​ជា​កំពុង​តែ​មាន​រឿង​ស្រដៀង​នេះ​ផង​ដែរ។ ទោះ​ទ្រង់​កំពុង​ស្ថិត​ក្នុង “ទឹក​ដី​ដែល​រីង​ស្ងួត ហើយ​ហួត​ហែង” ក៏​ដោយ ទ្រង់​បាន​នឹក​ចាំ អំពី​អំណាច​ចេស្តា សិរីល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​(ខ.១-៣) គឺ​ហាក់​ដូច​ជា​វាល​រហោស្ថាន​បាន​ប្រែ​ក្លាយ​ជា​កន្លែង​ដែល​ព្រះ​ទ្រង់​ថែរក្សា និង​ការពារ។ ស្តេច​ដាវីឌ​ក៏​បាន​ដឹង​ថា ពេល​ណា​ទ្រង់​តោង​ព្រះ​ជាប់ សូម្បី​តែ​នៅ​ក្នុង​កន្លែង​ស្ងួត​ហែង ក៏​ទ្រង់​នៅ​តែ​អាច​សោយ​អាហារ​យ៉ាង​បរិបូរ​(ខ.៥) ដោយ​រក​បាន​ជីវ​ជាតិ និង​កម្លាំង ក្នុង​សេចក្តី​ស្រឡាញ់ ដែល​វិសេស​ជាង​ជីវិត(ខ.៣) គឺ​ដូច​ជា​កូន​បក្សី​ជ្រក​នៅ​ក្រោម​ស្លាប​របស់​មេវា​ដូច្នោះ​ដែរ។​—Monica La Rose