ចូនី អៀរិកសិន ថាដា(Joni Eareckson Tada) បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់ ពេល​ហែល​ទឹក ដែល​ធ្វើ​ឲ្យ​គាត់​ពិការ​ដៃ​ជើង។ ជីវិត​នាង​ក៏​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ ឥឡូវ​នេះ នាង​ត្រូវ​អង្គុយ​នៅ​លើ​រទេះ​រុញ​ ដែល​ពិបាក​ឆ្លង​កាត់​ច្រក​ទ្វារ​តូច​ៗ ហើយ​ឡាបូ​លាង​ដៃ​ក៏​ខ្ពស់​ពេក​សម្រាប់​នាង។ នាង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​បញ្ចុក​អាហារ​នាង ទាល់​តែ​នាង​អាច​រៀន​ញាំ​អាហារ​ដោយ​ខ្លួន​ឯង​។  នាង​បាន​រៀន​លើក​ស្លាបព្រា​ពិសេស​មួយ ទៅ​រក​មាត់​ខ្លួន​ឯង ដោយ​ប្រើ​ដែក​អប​ដៃ​របស់​នាង​ជា​លើក​ទីមួយ ហើយ​អាហារ​ក៏​បាន​ជ្រុះ​ពី​ស្លាប​ព្រា​មក​លើ​ខោអាវ​របស់​នាង ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា អន់​ខ្សោយ​យ៉ាង​ខ្លាំង។ ប៉ុន្តែ នាង​នៅ​តែ​បន្ត​ព្យាយាម។ នាង​តែង​តែ​និយាយ​ថា “អាថ៌​កំបាំង​របស់​ខ្ញុំ គឺ​ត្រូវ​រៀន​ពឹង​ផ្អែក​លើ​ព្រះ​យេស៊ូវ ហើយ​អធិស្ឋាន​ថា ឱ​ព្រះ​អង្គ​អើយ សូម​ជួយ​ទូល​បង្គំ​ធ្វើ​កិច្ចការ​នេះ​ផង!”។ សព្វ​ថ្ងៃ​នេះ នាង​អាច​ប្រើ​ស្លាប​ព្រា​បាន​ល្អ​ណាស់។​

ចូនី​និយាយ​ថា ការ​ជាប់​ខ្លួន​នៅ​លើ​រទេះ​រុញ​មិន​អាច​ដើរ​ទៅ​ណា​រួច បាន​ធ្វើ​ឲ្យ​នាង​មើល​ទៅ​អ្នក​ទោស​ម្នាក់ គឺ​សាវ័ក​ប៉ុល ដែល​បាន​ជាប់​ឃុំ ក្នុង​គុក​របស់​ពួក​រ៉ូម៉ាំង ហើយ​ក៏​បាន​នឹក​ចាំ​អំពី​កណ្ឌ​គម្ពីរ​សំបុត្រ ដែល​នាង​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព។ នាង​ក៏​បាន​ព្យាយាម​យក​គំរូ​តាម​សាវ័ក​ប៉ុល ដែល​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស(ឬស្កប់​ចិត្ត) ​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង”(ភីលីព ៤:១១)។ ចូរ​កត់​សំគាល់​ថា សាវ័ក​ប៉ុល​ត្រូវ​រៀន​ស្វែង​រក​សន្តិភាព ព្រោះ​គាត់​មិន​បាន​មាន​សន្តិភាព​ក្នុង​ចិត្ត ដោយ​ឯក​ឯង​នោះ​ឡើយ។ តើ​គាត់​រក​ឃើញ​ភាព​ស្កប់​ចិត្ត ដោយ​របៀប​ណា? គឺ​តាម​រយៈ​ការ​ទុក​ចិត្ត​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។

យើង​រាល់​គ្នា​សុទ្ធ​តែ​ជួប​បញ្ហា​ប្រឈម ជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​អាច​មើល​ទៅ​ព្រះ​យេស៊ូវ ដើម្បី​ស្វែង​រក​ជំនួយ កម្លាំង ​និង​សន្តិ​ភាព។ ព្រះ​អង្គ​នឹង​ជួយ​យើង មិន​ឲ្យ​បញ្ចេញ​កំហឹង​ដាក់​អ្នកដទៃ ហើយ​ព្រះ​អង្គ​នឹង​ប្រទាន​សេចក្តី​ក្លាហាន ដើម្បី​ធ្វើ​​កិច្ចការ​ដែល​លំបាក​។ ចូរ​មើល​ទៅ​ព្រះ​អង្គ ហើយ​រក​ឃើញ​ភាព​ស្កប់​ចិត្ត​ចុះ។—Amy Boucher Pye