ចូនី អៀរិកសិន ថាដា(Joni Eareckson Tada) បានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីមានគ្រោះថ្នាក់ ពេលហែលទឹក ដែលធ្វើឲ្យគាត់ពិការដៃជើង។ ជីវិតនាងក៏មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ឥឡូវនេះ នាងត្រូវអង្គុយនៅលើរទេះរុញ ដែលពិបាកឆ្លងកាត់ច្រកទ្វារតូចៗ ហើយឡាបូលាងដៃក៏ខ្ពស់ពេកសម្រាប់នាង។ នាងត្រូវការឲ្យគេជួយបញ្ចុកអាហារនាង ទាល់តែនាងអាចរៀនញាំអាហារដោយខ្លួនឯង។ នាងបានរៀនលើកស្លាបព្រាពិសេសមួយ ទៅរកមាត់ខ្លួនឯង ដោយប្រើដែកអបដៃរបស់នាងជាលើកទីមួយ ហើយអាហារក៏បានជ្រុះពីស្លាបព្រាមកលើខោអាវរបស់នាង ធ្វើឲ្យនាងមានអារម្មណ៍ថា អន់ខ្សោយយ៉ាងខ្លាំង។ ប៉ុន្តែ នាងនៅតែបន្តព្យាយាម។ នាងតែងតែនិយាយថា “អាថ៌កំបាំងរបស់ខ្ញុំ គឺត្រូវរៀនពឹងផ្អែកលើព្រះយេស៊ូវ ហើយអធិស្ឋានថា ឱព្រះអង្គអើយ សូមជួយទូលបង្គំធ្វើកិច្ចការនេះផង!”។ សព្វថ្ងៃនេះ នាងអាចប្រើស្លាបព្រាបានល្អណាស់។
ចូនីនិយាយថា ការជាប់ខ្លួននៅលើរទេះរុញមិនអាចដើរទៅណារួច បានធ្វើឲ្យនាងមើលទៅអ្នកទោសម្នាក់ គឺសាវ័កប៉ុល ដែលបានជាប់ឃុំ ក្នុងគុករបស់ពួករ៉ូម៉ាំង ហើយក៏បាននឹកចាំអំពីកណ្ឌគម្ពីរសំបុត្រ ដែលនាងបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងភីលីព។ នាងក៏បានព្យាយាមយកគំរូតាមសាវ័កប៉ុល ដែលបានមានប្រសាសន៍ថា “ខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោស(ឬស្កប់ចិត្ត) ក្នុងសណ្ឋានគ្រប់យ៉ាង”(ភីលីព ៤:១១)។ ចូរកត់សំគាល់ថា សាវ័កប៉ុលត្រូវរៀនស្វែងរកសន្តិភាព ព្រោះគាត់មិនបានមានសន្តិភាពក្នុងចិត្ត ដោយឯកឯងនោះឡើយ។ តើគាត់រកឃើញភាពស្កប់ចិត្ត ដោយរបៀបណា? គឺតាមរយៈការទុកចិត្តព្រះគ្រីស្ទ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ”(ខ.១៣)។
យើងរាល់គ្នាសុទ្ធតែជួបបញ្ហាប្រឈម ជារៀងរាល់ថ្ងៃ ហើយយើងអាចមើលទៅព្រះយេស៊ូវ ដើម្បីស្វែងរកជំនួយ កម្លាំង និងសន្តិភាព។ ព្រះអង្គនឹងជួយយើង មិនឲ្យបញ្ចេញកំហឹងដាក់អ្នកដទៃ ហើយព្រះអង្គនឹងប្រទានសេចក្តីក្លាហាន ដើម្បីធ្វើកិច្ចការដែលលំបាក។ ចូរមើលទៅព្រះអង្គ ហើយរកឃើញភាពស្កប់ចិត្តចុះ។—Amy Boucher Pye