ក្នុងរឿងប្រលោមលោក មានចំណងជើងថា សុភមង្គលគ្រួសារ ដែលលោកលេអូ ថូលស្តូយ(Leo Tolstoy) បាននិពន្ធ តួឯកឈ្មោះ សឺជី(Sergey) និងម៉ាសា(Masha) បានជួបគ្នា ពេលដែលម៉ាសានៅក្មេង និងងាយមានចិត្តរំភើប។ លោកសឺជី ជាមនុស្សមានវ័យចំណាស់ជាង ជាអ្នកជំនួញដែលបានធ្វើដំណើរបានច្រើនកន្លែង។ គាត់យល់អំពីពិភព នៅក្រៅតំបន់ជនបទ ដែលម៉ាសាកំពុងរស់នៅ។ ក្រោយមក អ្នកទំាងពីរក៏បានស្រឡាញ់គ្នា ហើយក៏បានរៀបការ។
ពួកគេក៏បានរស់នៅ ក្នុងទីជនបទ ប៉ុន្តែ ម៉ាសាមានការធុញទ្រាន់ ចំពោះតំបន់ដែលនាងរស់នៅ។ លោកសឺជីស្រឡាញ់នាង ដូចនេះ ក៏បានរៀបចំការធ្វើដំណើរទៅទីក្រុងស៊ែន ភីធ័រស្បឺក។ នៅទីនោះ សម្រស់ និងភាពទាក់ទាញរបស់ម៉ាសា បានធ្វើឲ្យនាងមានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ ពេលដែលប្តីប្រពន្ធមួយគូរនេះហៀបនឹងធ្វើដំណើរត្រឡប់មកផ្ទះវិញ មានព្រះអង្គម្ចាស់មួយអង្គសព្វព្រះទ័យនឹងជួបនាង។ លោកសឺជីដឹងថា គាត់អាចបង្ខំម៉ាសាឲ្យចាកចេញទៅផ្ទះជាមួយគាត់ តែគាត់បានឲ្យនាងធ្វើការសម្រេចចិត្ត។ នាងក៏បានសម្រេចចិត្តស្នាក់នៅបន្តទៀត ហើយអំពើផិតក្បត់របស់នាងបានធ្វើឲ្យគាត់ខូចចិត្តយ៉ាងខ្លាំង។
ព្រះទ្រង់ក៏មិនដែលបង្ខំយើងឲ្យមានចិត្តស្មោះត្រង់ចំពោះព្រះអង្គដែរ។ ដោយសារព្រះអង្គស្រឡាញ់យើង នោះព្រះអង្គអនុញ្ញាតឲ្យយើងសម្រេចចិត្តធ្វើតាម ឬប្រឆាំងព្រះអង្គ។ យើងសម្រេចចិត្តធ្វើតាមព្រះអង្គជាលើកទីមួយ នៅពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាព្រះអង្គ និងជាដង្វាយលោះបាបយើង(១យ៉ូហាន ៤:៩-១០)។ បន្ទាប់មក យើងមានពេលវេលាពេញមួយជីវិត ដើម្បីធ្វើការសម្រេចចិត្តធ្វើតាមព្រះអង្គទៀត។
តើយើងនឹងសម្រេចចិត្តថា នឹងនៅតែស្មោះត្រង់ចំពោះព្រះ តាមការដឹកនាំរបស់ព្រះវិញ្ញាណ ឬធ្វើតាមការអូសទាញរបស់លោកិយ? ការរស់នៅរបស់ស្តេចដាវីឌមិនល្អឥតខ្ចោះនោះទេ តែជាញឹកញាប់ ទ្រង់បានសរសេរ អំពីការកាន់តាម “ផ្លូវរបស់ព្រះអម្ចាស់” និងអំពីលទ្ធផលល្អ ដែលកើតចេញពីការកាន់តាមផ្លូវព្រះអង្គ(ទំនុកដំកើង ១៨:២១-២៤)។ ពេលណាការសម្រេចចិត្តរបស់យើងថ្វាយព្រះកិត្តិនាមដល់ព្រះ នោះយើងអាចពិសោធនឹងព្រះពរ ដែលស្តេចវីឌបានទទួល ដោយព្រះអង្គបង្ហាញព្រះទ័យស្មោះត្រង់ ដល់អ្នកដែលស្មោះត្រង់ចំពោះព្រះអង្គ។—Jennifer Benson Schuldt