ក្នុង​រឿង​ប្រលោម​លោក មាន​ចំណង​ជើង​ថា សុភមង្គល​គ្រួសារ  ដែល​លោក​លេអូ ថូលស្តូយ(Leo Tolstoy) បាន​និពន្ធ ​តួ​ឯក​ឈ្មោះ សឺជី(Sergey) និង​ម៉ាសា(Masha) បាន​ជួប​គ្នា ពេល​ដែល​ម៉ាសា​នៅ​ក្មេង និង​ងាយ​មាន​ចិត្ត​រំភើប។ លោក​សឺជី ជា​មនុស្ស​មាន​វ័យ​ចំណាស់​ជាង ជា​អ្នក​ជំនួញ​ដែល​បាន​ធ្វើ​ដំណើរ​បាន​ច្រើន​កន្លែង។ គាត់​យល់​អំពី​ពិភព នៅ​ក្រៅ​តំបន់​ជន​បទ ដែល​ម៉ាសា​កំពុង​រស់​នៅ។ ក្រោយ​មក អ្នក​ទំាង​ពីរ​ក៏​បាន​ស្រឡាញ់​គ្នា ហើយ​ក៏​បាន​រៀប​ការ។​

ពួក​គេ​ក៏​បាន​រស់​នៅ ក្នុង​ទី​ជនបទ ប៉ុន្តែ ម៉ាសា​មាន​ការ​ធុញ​ទ្រាន់ ចំពោះ​តំបន់​ដែល​នាង​រស់​នៅ។ លោក​សឺជី​ស្រឡាញ់​នាង ដូច​នេះ ក៏​បាន​រៀប​ចំ​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ស៊ែន ភីធ័រស្បឺក។ នៅ​ទីនោះ សម្រស់ និង​ភាព​ទាក់​ទាញ​របស់​ម៉ាសា បាន​ធ្វើ​ឲ្យ​នាង​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ឆាប់​រហ័ស។ ពេល​ដែល​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​ហៀប​នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ មាន​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួប​នាង។ លោក​សឺជី​ដឹង​ថា គាត់​អាច​បង្ខំ​ម៉ាសា​ឲ្យ​ចាក​ចេញ​ទៅ​ផ្ទះ​ជា​មួយ​គាត់ តែ​គាត់​បាន​ឲ្យ​នាង​ធ្វើ​ការ​សម្រេច​ចិត្ត។ នាង​ក៏​បាន​សម្រេច​ចិត្ត​ស្នាក់​នៅ​បន្ត​ទៀត ហើយ​អំពើ​ផិតក្បត់​របស់​នាង​បាន​ធ្វើ​ឲ្យ​គាត់​ខូច​ចិត្ត​យ៉ាង​ខ្លាំង។

ព្រះ​ទ្រង់​ក៏​មិន​ដែល​បង្ខំ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​ដែរ។ ដោយសារ​ព្រះ​អង្គ​ស្រឡាញ់​យើង នោះ​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​យើង​សម្រេច​ចិត្ត​ធ្វើ​តាម ឬ​ប្រឆាំង​ព្រះ​អង្គ។ យើង​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ​អង្គ​ជា​លើក​ទី​មួយ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជ​បុត្រា​ព្រះអង្គ និង​ជា​ដង្វាយ​លោះ​បាប​យើង​(១យ៉ូហាន ៤:៩-១០)។ បន្ទាប់​មក យើង​មាន​ពេល​វេលា​ពេញ​មួយ​ជីវិត ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ​អង្គ​ទៀត។

តើ​យើង​នឹង​សម្រេច​ចិត្ត​ថា នឹង​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ ឬ​ធ្វើ​តាម​ការ​អូស​ទាញ​របស់​លោកិយ? ការ​រស់​នៅ​របស់​ស្តេច​ដាវីឌ​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​ជា​ញឹក​ញាប់ ទ្រង់​បាន​សរសេរ អំពី​ការ​កាន់​តាម “ផ្លូវ​របស់​ព្រះអម្ចាស់” និង​អំពី​លទ្ធ​ផល​ល្អ ដែល​កើត​ចេញ​ពី​ការ​កាន់​តាម​ផ្លូវ​ព្រះ​អង្គ(ទំនុកដំកើង ១៨:២១-២៤)។ ពេល​ណា​ការ​សម្រេច​ចិត្ត​របស់​យើង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ នោះ​យើង​អាច​ពិសោធ​នឹង​ព្រះ​ពរ ដែល​ស្តេចវីឌ​បាន​ទទួល ​ដោយ​ព្រះ​អង្គ​បង្ហាញ​ព្រះ​ទ័យ​ស្មោះ​ត្រង់ ដល់​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ។​—Jennifer Benson Schuldt