មានក្មេងតូចៗពីរនាក់បានច្រៀងបទ “រីករាយថ្ងៃកំណើត” ឲ្យបានពីរចប់ ដោយចិត្តរីករាយ ពេលដែលពួកគេកំពុងលាងដៃ នៅកន្លែងលាងដៃ។ ម្តាយរបស់ពួកគេបានប្រាប់ពួកគេថា ពួកគេត្រូវចំណាយពេលឲ្យបានយូរដូចនេះ ដើម្បីលាងដៃឲ្យអស់មេរោគ។ ដូចនេះ សូម្បីតែមុនពេលជំងឺកូវីត១៩រាតត្បាតពេញពិភពលោក ពួកគេក៏បានរៀនចំណាយពេលលាងដៃឲ្យស្អាតស្រាប់ហើយ។
ការលាងអ្វីមួយឲ្យស្អាតជានិច្ច អាចនាំឲ្យមានការធុញទ្រាន់ គឺដូចដែលយើងបានរៀនរក្សាអនាម័យ ក្នុងពេលជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីលាងជម្រះអំពើបាប យើងត្រូវងាកមកផ្តោតទៅលើព្រះ។
លោកយ៉ាកុបបានជំរុញអ្នកជឿព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយពេញចក្រភពរ៉ូម៉ាំង ឲ្យងាកមកផ្តោតទៅលើព្រះ។ ការដែលពួកគេឈ្លោះប្រកែកគ្នា ចង់បានមុខមាត់ ទ្រព្យសម្បត្តិ និងការសប្បាយក្នុងលោកិយ មាសប្រាក់ និងការទទួលស្គាល់ បានធ្វើឲ្យពួកគេក្លាយជាសត្រូវរបស់ព្រះ។ ព្រះអង្គបានដាស់តឿនពួកគេថា “ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ ឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសំអាតចិត្តឡើង”(យ៉ាកុប ៤:៧-៨)។ ប៉ុន្តែ តើពួកគេលាងដៃឲ្យស្អាត ដោយរបៀបណា?
ដូចមានសេចក្តីចែងថា “ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ”(ខ.៨)។ នេះជាព្រះបន្ទូលដែលបានពិពណ៌នា អំពីភាពចាំបាច់នៃការងាកបែរមករកព្រះ ដើម្បីសម្អាតភាពកខ្វក់នៃអំពើបាប ចេញពីជីវិតយើង។ បន្ទាប់មក កណ្ឌគម្ពីរយ៉ាកុបបានប្រាប់អំពីរបៀបលាងសម្អាត យ៉ាងដូចនេះថា “ចូរឲ្យមានសេចក្តីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្តីអំណរទៅជាសេចក្តីព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង”(ខ.៩-១០)។
ការលាងសម្អាតអំពើបាប គឺជាឥរិយាបថនៃការបន្ទាបខ្លួន។ ប៉ុន្តែ ហាលេលូយ៉ា ព្រះទ្រង់ស្មោះត្រង់ នៅក្នុងការកែប្រែ “ការលាងសម្អាត”របស់យើង ឲ្យក្លាយជាការថ្វាយបង្គំ។—Patricia Raybon