មាន​ពេល​មួយ​អាឡាន(Alan) បាន​មក​រក​ខ្ញុំ ដើម្បី​សុំ​យោបល់ អំពី​របៀប​ជម្នះ​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ការ​ឡើង​និយាយ​ជា​សាធារណៈ។ គាត់​មិន​ខុស​ពី​សិស្ស​ដទៃ​ទៀត​ឡើយ។ ពេល​ណា​គាត់​ឡើង​និយាយ បេះ​ដូង​គាត់​ចាប់​ផ្តើម​លោត​កាន់​តែ​ញាប់ មាត់​គាត់​ហាក់​ដូច​ជា​ស្អិត និង​ស្ងួត ហើយ​មុខ​គាត់​ក៏​ឡើង​ពណ៌​ក្រហម។  ការ​ភ័យ​ខ្លាច​ពេល​ឡើង​និយាយ ស្ថិត​ក្នុង​ចំណោម​ការ​ភ័យ​ខ្លាច​ដែល​កើត​មាន​ញឹក​ញាប់​បំផុត ក្នុង​សង្គម បាន​ជា​អ្នក​ខ្លះ​ថែម​ទាំង​និយាយ​កំប្លែង​ថា ពួក​គេ​ខ្លាច​ការ​ឡើង​និយាយ ខ្លាំង​ជាង​សេចក្តី​ស្លាប់​ទៅ​ទៀត។ ដើម្បី​ជួយ​អាឡាន​ឲ្យ​ឈប់​ខ្លាច​ឡើង​និយាយ​មិន​បាន​ល្អ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ត្រូវ​និយាយ ជា​ជាង​ផ្តោត​ទៅ​លើ​របៀប​នៃ​ការ​និយាយ​របស់​គាត់។​

ការ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ត្រូវ​និយាយ ជា​ជាង​ផ្តោត​ទៅ​លើ​សមត្ថ​ភាព​ក្នុង​ការ​និយាយ គឺ​ស្រដៀង​នឹង​វិធី​សាស្រ្ត​ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ។ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស គាត់​បញ្ជាក់​ថា “ពាក្យ​សំដី និង​វោហា​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ” (១កូរិនថូស ២:៤)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​ផ្តោត​ទំាង​ស្រុង ទៅ​លើ​សេចក្តី​ពិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​សុគត​របស់​ព្រះអង្គ ​នៅ​លើ​ឈើ​ឆ្កាង​(ខ.២) ដោយ​ទុក​ចិត្ត​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដឹក​នាំ​ការ​និយាយ​របស់​គាត់ គឺ​មិន​ពឹង​ផ្អែក​លើ​ការ​ពូកែ​វោហារ​នោះ​ទេ។​

ពេល​ដែល​យើង​បាន​ស្គាល់​ព្រះ​ដោយ​ផ្ទាល់​ខ្លួន យើង​នឹង​ចង់​ចែក​ចាយ​អំពី​ព្រះ​អង្គ ដល់​មនុស្ស​ជុំវិញ​ខ្លួន​យើង។ តែ​ជួន​កាល យើង​មិន​ហ៊ាន​ផ្សាយ ដោយ​សារ​យើង​ខ្លាច​និយាយ​មិន​បាន​ល្អ ដោយ​ពាក្យ​ដែល​ត្រឹម​ត្រូវ ឬ​ពិរោះ។ចូរ​យើង​ផ្តោត​ទៅ​លើ​សេចក្តី​ពិត ដែល​ថា ព្រះ​ទ្រង់​ជា​នរណា និង​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​ពាក្យ​សម្តី​យើង ហើយ​ចែក​ចាយ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​ស្ទាក់​ស្ទើរ​នោះ​ឡើយ។​—Kirsten Holmberg