មានពេលមួយអាឡាន(Alan) បានមករកខ្ញុំ ដើម្បីសុំយោបល់ អំពីរបៀបជម្នះការភ័យខ្លាច នៅក្នុងការឡើងនិយាយជាសាធារណៈ។ គាត់មិនខុសពីសិស្សដទៃទៀតឡើយ។ ពេលណាគាត់ឡើងនិយាយ បេះដូងគាត់ចាប់ផ្តើមលោតកាន់តែញាប់ មាត់គាត់ហាក់ដូចជាស្អិត និងស្ងួត ហើយមុខគាត់ក៏ឡើងពណ៌ក្រហម។ ការភ័យខ្លាចពេលឡើងនិយាយ ស្ថិតក្នុងចំណោមការភ័យខ្លាចដែលកើតមានញឹកញាប់បំផុត ក្នុងសង្គម បានជាអ្នកខ្លះថែមទាំងនិយាយកំប្លែងថា ពួកគេខ្លាចការឡើងនិយាយ ខ្លាំងជាងសេចក្តីស្លាប់ទៅទៀត។ ដើម្បីជួយអាឡានឲ្យឈប់ខ្លាចឡើងនិយាយមិនបានល្អ ខ្ញុំក៏បានលើកទឹកចិត្តគាត់ឲ្យផ្តោតទៅលើអ្វីដែលត្រូវនិយាយ ជាជាងផ្តោតទៅលើរបៀបនៃការនិយាយរបស់គាត់។
ការផ្តោតទៅលើអ្វីដែលត្រូវនិយាយ ជាជាងផ្តោតទៅលើសមត្ថភាពក្នុងការនិយាយ គឺស្រដៀងនឹងវិធីសាស្រ្តដែលសាវ័កប៉ុលបានប្រើ ដើម្បីនាំអ្នកដទៃ ឲ្យស្គាល់ព្រះ។ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស គាត់បញ្ជាក់ថា “ពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ” (១កូរិនថូស ២:៤)។ ផ្ទុយទៅវិញ គាត់បានប្តេជ្ញាចិត្តថា គាត់នឹងផ្តោតទំាងស្រុង ទៅលើសេចក្តីពិតនៃព្រះយេស៊ូវគ្រីស្ទ និងការសុគតរបស់ព្រះអង្គ នៅលើឈើឆ្កាង(ខ.២) ដោយទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំការនិយាយរបស់គាត់ គឺមិនពឹងផ្អែកលើការពូកែវោហារនោះទេ។
ពេលដែលយើងបានស្គាល់ព្រះដោយផ្ទាល់ខ្លួន យើងនឹងចង់ចែកចាយអំពីព្រះអង្គ ដល់មនុស្សជុំវិញខ្លួនយើង។ តែជួនកាល យើងមិនហ៊ានផ្សាយ ដោយសារយើងខ្លាចនិយាយមិនបានល្អ ដោយពាក្យដែលត្រឹមត្រូវ ឬពិរោះ។ចូរយើងផ្តោតទៅលើសេចក្តីពិត ដែលថា ព្រះទ្រង់ជានរណា និងទៅលើការអ្វីដែលព្រះអង្គបានធ្វើ នោះយើងអាចទុកចិត្តថា ព្រះទ្រង់នឹងប្រទានអំណាចដល់ពាក្យសម្តីយើង ហើយចែកចាយ ដោយគ្មានការភ័យខ្លាច ឬស្ទាក់ស្ទើរនោះឡើយ។—Kirsten Holmberg