ក្នុង​សៀវភៅ ជំនាន់​មនុស្ស​ដែល​កំព្រា​ឪពុក  ដែល​លោក​ចន សូវ័រ(John Sowers)បាន​និពន្ធ គាត់​បាន​សរសេរ​ថា “គ្មាន​ជំនាន់​ណា បាន​ប្រទះ​ឃើញ​ភាព​កំព្រា​ឪពុក​ដ៏​ច្រើន ដូច​ជំនាន់​នេះ ដែល​មាន​ក្មេង​២៥​លាន​នាក់ កំពុង​តែ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ផ្ទះ​ដែល​គ្មាន​ឪពុក”។​ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ បើ​ខ្ញុំ​បាន​ជួប​ឪពុក​ខ្ញុំ នៅ​តាម​ផ្លូវ ខ្ញុំ​នឹង​មិន​ស្គាល់​គាត់​ទេ។ ឪពុក​ម្តាយ​ខ្ញុំ​បាន​លែង​លះ​គ្នា កាល​ខ្ញុំ​នៅ​តូច ហើយ​ម្តាយ​ខ្ញុំ​បាន​ដុត​រូប​ថត​របស់​ឪពុក​ខ្ញុំ​ចោល​ទាំង​អស់។ ដូចនេះ អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​ភាព​កក់​ក្តៅ​ពី​ឪពុក​។ បន្ទាប់​មក ពេល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ខ្ញុំ​បាន​ស្តាប់​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​(ម៉ាថាយ ៦:៩-១៣) ហើយ​ក៏បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​មិន​មាន​ឪពុក​នៅ​ផែន​ដី តែ​ខ្ញុំ​មាន​ព្រះ​ដែល​ជា​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌។​

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:៩ ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ”។ ខ.៧ បាន​ប្រាប់​យើង កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួន​ៗ ពេល​យើង​អធិស្ឋាន ដូច​នេះ តើ​ខគម្ពីរ​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​នឹង​គ្នា​ដូច​ម្តេច​ខ្លះ​។ ខ្ញុំ​បាន​ដឹង​ថា ដោយសារ​ព្រះ​ទ្រង់​ចាំ​អ្វី​ដែល​យើង​ទូល​ថ្វាយ​ទ្រង់ នោះ​យើង​មិន​ចាំ​បាច់​និយាយ​ដដែល​ៗ ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ ព្រះ​អង្គ​ពិត​ជា​យល់​អ្វី​ដែល​យើង​អធិស្ឋាន ដូច​នេះ​យើង​មិន​ចាំ​បាច់​ត្រូវ​ពន្យល់​ឡើយ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាណិត ដូច​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​សង្ស័យ ចំពោះ​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​នោះ​ទេ។ ហើយ​ដោយសារ​ព្រះ​អង្គ​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់​តាំង​ពី​ដើម​ដំបូង ដល់​ទី​បញ្ចប់ នោះ​យើង​ដឹង​ថា ព្រះ​អង្គ​នឹង​ឆ្លើយ​តាម​បំណង​ព្រះ​ទ័យ និង​តាម​ពេល​វេលា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។​

ដោយសារ​ព្រះ​ជា​ព្រះ​វរបិតា​របស់​យើង នោះ​យើង​មិន​ចាំ​បាច់​ត្រូវ “ពោល​ពាក្យ​ច្រើន”(ខ.៧) ដើម្បី​ឲ្យ​ព្រះ​អង្គ​ប៉ះ​ពាល់​ព្រះ​ទ័យ​នោះ​ទេ។ តាម​រយៈ​ការ​អធិស្ឋាន យើង​កំពុង​តែ​និយាយ​ទៅ​កាន់​ព្រះ​វរបិតា ដែល​ស្រឡាញ់ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​កូន​ព្រះ​អង្គ តាម​រយៈ​ព្រះ​យេស៊ូវ។—Albert Lee