ក្នុងសៀវភៅ ជំនាន់មនុស្សដែលកំព្រាឪពុក ដែលលោកចន សូវ័រ(John Sowers)បាននិពន្ធ គាត់បានសរសេរថា “គ្មានជំនាន់ណា បានប្រទះឃើញភាពកំព្រាឪពុកដ៏ច្រើន ដូចជំនាន់នេះ ដែលមានក្មេង២៥លាននាក់ កំពុងតែចម្រើនវ័យធំឡើង ក្នុងផ្ទះដែលគ្មានឪពុក”។ តាមបទពិសោធន៍របស់ខ្ញុំ បើខ្ញុំបានជួបឪពុកខ្ញុំ នៅតាមផ្លូវ ខ្ញុំនឹងមិនស្គាល់គាត់ទេ។ ឪពុកម្តាយខ្ញុំបានលែងលះគ្នា កាលខ្ញុំនៅតូច ហើយម្តាយខ្ញុំបានដុតរូបថតរបស់ឪពុកខ្ញុំចោលទាំងអស់។ ដូចនេះ អស់ពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានភាពកក់ក្តៅពីឪពុក។ បន្ទាប់មក ពេលខ្ញុំមានអាយុ១៣ឆ្នាំ ខ្ញុំបានស្តាប់សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់(ម៉ាថាយ ៦:៩-១៣) ហើយក៏បាននិយាយប្រាប់ខ្លួនឯងថា ខ្ញុំមិនមានឪពុកនៅផែនដី តែខ្ញុំមានព្រះដែលជាព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។
ក្នុងបទគម្ពីរម៉ាថាយ ៦:៩ ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋានថា “ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ”។ ខ.៧ បានប្រាប់យើង កុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ពេលយើងអធិស្ឋាន ដូចនេះ តើខគម្ពីរទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាដូចម្តេចខ្លះ។ ខ្ញុំបានដឹងថា ដោយសារព្រះទ្រង់ចាំអ្វីដែលយើងទូលថ្វាយទ្រង់ នោះយើងមិនចាំបាច់និយាយដដែលៗ ក្នុងពេលតែមួយនោះទេ។ ព្រះអង្គពិតជាយល់អ្វីដែលយើងអធិស្ឋាន ដូចនេះយើងមិនចាំបាច់ត្រូវពន្យល់ឡើយ។ ព្រះអង្គមានព្រះទ័យអាណិត ដូចនេះ យើងមិនចាំបាច់ត្រូវមានការសង្ស័យ ចំពោះសេចក្តីល្អរបស់ព្រះអង្គនោះទេ។ ហើយដោយសារព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់តាំងពីដើមដំបូង ដល់ទីបញ្ចប់ នោះយើងដឹងថា ព្រះអង្គនឹងឆ្លើយតាមបំណងព្រះទ័យ និងតាមពេលវេលាដ៏ឥតខ្ចោះរបស់ព្រះអង្គ។
ដោយសារព្រះជាព្រះវរបិតារបស់យើង នោះយើងមិនចាំបាច់ត្រូវ “ពោលពាក្យច្រើន”(ខ.៧) ដើម្បីឲ្យព្រះអង្គប៉ះពាល់ព្រះទ័យនោះទេ។ តាមរយៈការអធិស្ឋាន យើងកំពុងតែនិយាយទៅកាន់ព្រះវរបិតា ដែលស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះយើង ហើយធ្វើឲ្យយើងក្លាយជាកូនព្រះអង្គ តាមរយៈព្រះយេស៊ូវ។—Albert Lee