លោកឆាល អេច ស្ព័រជិន(Charles H. Spurgeon ឆ្នាំ ១៨៣៤-១៨៩២) ជាគ្រូអធិប្បាយ ដែលមានសញ្ជាតិអង់គ្លេស។ គាត់បានរស់នៅជាគ្រីស្ទបរិស័ទ ដែលសកម្ម និងមានចិត្តឆេះឆួលយ៉ាងខ្លាំង។ គាត់បានក្លាយជាគ្រូគង្វាល ពេលគាត់មានអាយុ១៩ឆ្នាំ ហើយមិនយូរប៉ុន្មានគាត់ក៏បានអធិប្បាយព្រះបន្ទូលទៅកាន់ហ្វូងមនុស្ស។ គាត់បានសរសេរការអធិប្បាយព្រះបន្ទូលរបស់គាត់ នៅក្នុងសៀវភៅ ហើយចងក្រងបាន៦៣ភាគ ហើយក៏បាននិពន្ធសេចក្តីពន្យល់ព្រះគម្ពីរ និងសៀវភៅអំពីការអធិស្ឋាន ព្រមទាំងសៀវភៅផ្សេងៗទៀត។ ហើយគាត់បានអានចប់សៀវភៅ៦ក្បាល ក្នុងមួយសប្តាហ៍។ ក្នុងការអធិប្បាយព្រះបន្ទូលមួយនោះ លោកស្ព័រជិនបានមានប្រសាសន៍ថា “ការមិនធ្វើអ្វីសោះ គឺជាអំពើបាប ដែលស្ទើរតែធំជាងអំពើបាបដទៃទៀត ព្រោះវានាំឲ្យយើងធ្វើអំពើបាបជាច្រើនទៀត … ភាពខ្ជិលច្រអូសខាងវិញ្ញាណដ៏អាក្រក់! សូមព្រះអង្គជួយសង្រ្គោះយើង ឲ្យរួចផុតពីវាផង”។
លោកឆាល ស្ព័រជិន បានរស់នៅដោយភាពឧស្សាហ៍ខាងវិញ្ញាណ (២ពេត្រុស ១:៥) ដើម្បីឲ្យបានលូតលាស់ ក្នុងព្រះគុណព្រះ ហើយរស់នៅថ្វាយព្រះអង្គ។ បើយើងជាអ្នកដើរតាមព្រះគ្រីស្ទ នោះព្រះទ្រង់អាចបណ្តាលចិត្តយើង និងប្រទានលទ្ធភាព ឲ្យចម្រើនឡើង ឲ្យមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ “ដោយមានសេចក្តីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្តីជំនឿបានទៀងត្រង់ ឲ្យសេចក្តីទៀងត្រង់បានដំរិះ ឲ្យដំរិះបានចេះអត់សង្កត់ ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ”(ខ.៥-៧)។
យើងម្នាក់ៗសុទ្ធតែមានបំណងចិត្ត សមត្ថភាព និងកម្លាំងខុសៗគ្នា គឺមិនសុទ្ធតែអាចរស់នៅ ដោយភាពឧស្សាហ៍ដូចលោកឆាល ស្ព័រជិននោះឡើយ។ ប៉ុន្តែ ពេលណាយើងបានយល់ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង នោះយើងមានចិត្ត ដែលត្រូវរស់នៅដោយភាពឧស្សាហ៍ និងស្មោះត្រង់។ ហើយយើងរកឃើញកម្លាំង តាមរយៈធនធាន ដែលព្រះទ្រង់ប្រទាន ដើម្បីឲ្យយើងរស់នៅ និងបម្រើព្រះអង្គ។ ព្រះទ្រង់អាចចម្រើនកម្លាំងយើង តាមរយៈព្រះវិញ្ញាណព្រះអង្គ ឲ្យមានភាពឧស្សាហ៍ខាងវិញ្ញាណ ដើម្បីធ្វើទាំងកិច្ចការតូចធំខាងវិញ្ញាណ។—Alyson Kieda