យាន​រុក​រក នៅ​លើ​ភព​ព្រះ​អង្គារ ដែល​មាន​ឈ្មោះ​ថា ឱកាស បាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​វិទ្យាសាស្រ្ត នៅ​មន្ទីរ​ពិសោធន៍ នៃ​អង្គការ​ណាសា​អស់​រយៈ​ពេល​១៤​ឆ្នាំ។ បន្ទាប់​ពី​វា​បាន​ចុះ​ចត​នៅ​លើ​ភព​ព្រះអង្គារ ក្នុង​ឆ្នាំ ២០០៤ វា​បាន​ធ្វើ​ដំណើរ​បាន​៤៥​គីឡូ​ម៉ែត្រ នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​ភព​អង្គារ ដោយ​ថត​រូប​រាប់​ពាន់​សន្លឹក ហើយ​បាន​ធ្វើ​ការ​វិភាគ​មក​លើ​វត្ថុ​ធាតុ​ជា​ច្រើន នៅ​ទីនោះ។ ប៉ុន្តែ នៅឆ្នាំ២០១៨ ទំនាក់​ទំនង​រវាង​យាន​រុក​រក​នេះ និង​អ្នក​វិទ្យា​សាស្រ្ត​ត្រូវ​បាន​កាត់​ផ្តាច់ ដោយ​សារ​ខ្យល់​ព្យុះ​ដីខ្សាច់​ដ៏​ធំ​មួយ​បាន​ធ្វើ​ឲ្យ​ដី​ប្រឡាក់​បន្ទះ​សូឡា​របស់​វា ជា​ហេតុ​បណ្តាល​ឲ្យ​វា​អស់​ថាម​ពល។

ពេល​ដែល​ខ្ញុំ​បាន​អាន​អំពី​រឿង​នេះ ខ្ញុំ​ក៏​បាន​ចោទ​ជា​សំណួរ​ថា តើ​យើង​បាន​អនុញ្ញាត​ឲ្យ​មាន​អ្វី​មក​រាំង​ខ្ទប់​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដែល​គង់​នៅ​ស្ថាន​សួគ៌​ឬ​ទេ? ពេល​ណា​យើង​អធិស្ឋាន ឬ​ទំនាក់​ទំនង​ជា​មួយ​ព្រះ មាន​កត្តា​មួយ​ចំនួន ដែល​អាច​រារាំង​យើង។​

ព្រះ​គម្ពីរ​បាន​ចែង​ថា អំពើ​បាប​អាច​រារាំង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ។ បទ​គម្ពីរ​ទំនុក​ដំកើង ៦៦:១៨ បាន​ចែង​ថា “បើ​សិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្តី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះអម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ”។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ថា “ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្តី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ”(ម៉ាកុស ១១:២៥)។ ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ ក៏​អាច​បង្អាក់ ដោយ​សារ​ការ​សង្ស័យ និង​បញ្ហា​ក្នុង​ទំនាក់​ទំនង​ផង​ដែរ​(យ៉ាកុប ១:៥,៧ ១ពេត្រុស ៣:៧)។​
ការ​ទំនាក់​ទំនង​ដែល​យាន​រុក​រក​នៅ​ភព​ព្រះ​អង្គារ ហាក់​ដូច​ជា​ត្រូវ​បាន​កាត់​ផ្តាច់​ជា​រៀង​រហូត។  ប៉ុន្តែ ការ​អធិស្ឋាន​របស់​យើង មិន​ត្រូវ​មាន​ការ​កាត់​ផ្តាច់​ដូច​នេះ​ឡើយ។ តាម​រយៈ​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ នោះ​ព្រះ​ទ្រង់​នាំ​យើង​ផ្សះ​ផ្សា​ទំនាក់​ទំង​ជា​មួយ​ព្រះ​អង្គ​ដោយ​ក្តី​ស្រឡាញ់។

ពេល​ណា​យើង​សារ​ភាព​អំពើ​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ​អង្គ នោះ​ដោយ​ព្រះ​គុណ​ព្រះ យើង​អាច​ពិសោធន៍​នឹង​ការ​ទំនាក់​ទំនង​ដ៏​អស្ចារ្យ​បំផុត ក្នុង​ចក្រ​វាល គឺ​ការ​អធិស្ឋាន​ដែល​ជា​ទំនាក់​ទំនង​ រវាង​យើង​និង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យើង។​—Dave Branon