ទោះស៊ែម(Sam) មិនបានធ្វើអ្វីខុសក៏ដោយ ក៏គាត់នៅតែបាត់បង់ការងាររបស់គាត់ នៅក្នុងផ្នែកដំឡើងរថយន្ត។ ការធ្វេសប្រហែសរបស់ផ្នែកមួយទៀត ក្នុងផ្នែកដំឡើងរថយន្ត បាននាំឲ្យមានបញ្ហាមួយចំនួន នៅក្នុងរថយន្តដែលពួកគេបានផលិត។ បន្ទាប់ពីព័ត៌មានបានចុះផ្សាយ អំពីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីឡានទាំងនោះ អតិថិជនដែលមានការព្រួយបារម្ភក៏បានឈប់ទិញឡានដែលមានផ្លាកយីហោរបស់ក្រុមហ៊ុនពួកគេ។ ក្រុមហ៊ុននោះត្រូវតែកាត់បន្ថយចំនួនបុគ្គលិក បណ្តាលឲ្យស៊ែមត្រូវបាត់បង់ការងារ។ កំហុសរបស់គេ បានរាលដាលមកដល់គាត់ រឿងនេះអយុត្តិធម៌សម្រាប់គាត់ណាស់។
កំហុសដែលរាលដាលដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តបានកើតឡើង បន្ទាប់ពីមនុស្សដំបូងបានធ្វើបាបទាស់នឹងព្រះ។ អ័ដាម និងនាងអេវ៉ាក៏ចាប់ផ្តើមមានការខ្មាសអៀនចំពោះភាពអាក្រាតរបស់ខ្លួន ដូចនេះ ព្រះទ្រង់ក៏បានយកស្បែកសត្វមកដណ្តប់កាយរបស់អ្នកទាំងពីរ(លោកុប្បត្តិ ៣:៣១)។ នេះជាទិដ្ឋភាពដ៏សែនឈឺចាប់ តែសត្វមួយចំនួន ដែលធ្លាប់តែរស់នៅ ដោយសុខសាន្តក្នុងសួនច្បារអេដែន ត្រូវបានសម្លាប់យកស្បែក ដើម្បីដណ្តប់កាយពួកគេ។
ក្រោយមក មានសត្វជាច្រើនទៀត ដែលត្រូវគេសម្លាប់។ ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែលថា “រាល់តែថ្ងៃ ត្រូវឲ្យរៀបកូនចៀម១ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយដង្វាយនេះរាល់តែព្រឹកជានិច្ច”(អេសេគាល ៤៦:១៣)។ ដោយសារគេត្រូវសម្លាប់សត្វរាល់ថ្ងៃធ្វើជាដង្វាយដល់ព្រះ នោះតើមានសត្វប៉ុន្មានពាន់ក្បាលត្រូវគេសម្លាប់ ដោយសារបាបរបស់មនុស្ស? ការស្លាប់របស់សត្វទំាងនោះ មានភាពចាំបាច់ នៅក្នុងការគ្របបាំងអំពើបាបរបស់យើង រហូតដល់ពេលដែលព្រះយេស៊ូវ ជាកូនចៀមនៃព្រះសុគតនៅលើឈើឆ្កាង ដើម្បីលោះយើងឲ្យរួចពីបាប តែម្តងជាសម្រេច(យ៉ូហាន ១:២៩)។ នេះជាការជួសជុលសម្រាប់កំហុសដែលបានរាលដាលនោះ។ ដោយសារបាបរបស់អ័ដាម មនុស្សទាំងអស់ត្រូវតែស្លាប់ ដូចនេះ ការស្តាប់បង្គាប់របស់ព្រះគ្រីស្ទចំពោះព្រះវរបិតា បានជួយឲ្យអ្នកជឿព្រះអង្គ ផ្សះផ្សាទំនាក់ទំនងជាមួយព្រះឡើងវិញ(រ៉ូម ៥:១៧-១៩)។ ព្រះយេស៊ូវគ្មានបាប មិនសមនឹងសុគត តែព្រះអង្គបានលះបង់ ដើម្បីឲ្យយើងអាចទទួលយកការប្រោសលោះនោះ ដោយឥតគិតថ្លៃ។ ចូរយើងឈោងទៅរកព្រះយេស៊ូវ ដោយជំនឿ ហើយទទួលសេចក្តីសង្រ្គោះ ដែលទ្រង់ប្រទាន នោះយើងនឹងបានទទួលសេចក្តីសុចរិតពីព្រះអង្គ ដោយសារជំនឿ។—Mike Wittmer